Friday, March 12, 2021

ជនជាតិចិន៦នាក់ រត់កាត់តាមភូមិនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវអាជ្ញាធរឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅធ្វើចត្តាឡីស័ក.....

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋបានប្រទះឃើញជនជាតិចិនចំនួន៦នាក់ ដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ និងបានបញ្ជូនទៅពិនិត្យសំណាក ព្រមទាំងធ្វើចត្តាឡីស័កផងដែរ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ឲ្យដឹងថា តាមការសួរនាំជំហ៊ានដំបូងរបស់សមត្ថកិច្ច ជនជាតិចិនទាំង៦នាក់នេះ បានសារភាពថា ពួកគេលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមរយៈមេខ្យល់។

លោកឧត្តមសេនីយ៍ទោ សម សាមួន បានបន្ថែមទៀតថា ផ្អែកតាមចម្លើយសារភាពនោះ ពួកគេបានចេញពីប្រទេសវៀតណាម នៅថ្ងៃទី០៨ ខែមីនា ហើយមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ដោយស្នាក់សណ្ឋាគារមួយកន្លែងឈ្មោះ «ស៉ិនជិន»។

ក្រោយមកនៅព្រឹកថ្ងៃទី១២ ខែមីនា ពួកគេបានជិះរថយន្ដមួយគ្រឿង ក្នុងគោលដៅទៅខេត្តកំពត ប៉ុន្ដែដោយសាររថយន្ដខូចពួកគេបានចុះដើរតែម្ដង។ នៅពេលដើរកាត់តាមភូមិក៏ត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានអះអាងស្រដៀងគ្នាដែរ ជនជាតិចិនទាំង៦នាក់ គឺមានមេខ្យល់នាំឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា ដោយមេខ្យល់នោះ បានដកយកនូវលិខិតឆ្លងដែន និងទូរស័ព្ទជាដើម។ នេះបើតាមអ្វីដែលលោកបានបញ្ជាក់នៅលើបណ្ដាញសង្គម Facebook។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា ចម្លើយសារភាពរបស់ពួកគេហាក់មានការលាក់លាមនៅឡើយ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចខេត្តកំពង់ស្ពឺ កំពុងសហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរកទីតាំងដែលពួកគេស្នាក់នៅរាជធានីភ្នំពេញ នាពេលកន្លងទៅក្រោយឆ្លងដែនមកពីប្រទេសវៀតណាម។

បើតាមអ្វីដែលជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោយបញ្ចប់ការសួរនាំជនជាតិចិនទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ដែលមានទីតាំងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺជាបណ្ដោះអាសន្នសិន រង់ចាំលទ្ធផលពីខាងសុខាភិបាល៕

0 Reviews:

Post a Comment