Thursday, March 18, 2021

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​កំពុងបំពេញបេសកកម្ម​ ឈរ​នៅ​លើ​ចិញ្ចឹម​ផ្លូវ ស្រាប់​​តែ​រថយន្ត​មួយ​គ្រឿង​បើក​ទៅ​បុក​ពេញទំហឹង បណ្តាល​​ឱ្យ​បាត់បង់​ជីវិត​ពេលបញ្ជូន​ទៅ​មន្ទីរពេទ្យ​.....


ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​កំពុង​តែ​បំពេញបេសកកម្ម​ជាមួយ​ខាង​មន្ត្រី​ពន្ធដា ខណៈ​ពេល​ឈរ​នៅ​លើ​ចិញ្ចឹម​ផ្លូវ ស្រាប់​មាន​តែ​រថយន្ត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ក៏​ទៅ​បុក​មន្ត្រី​កងរាជអាវុធហត្ថ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ តាម​ផ្លូវជាតិ​លេខ​០៦ គីឡូម៉ែត្រ​លេខ ៩៨/៩៩ ស្ថិត​ក្នុងភូមិ​ថ្លា ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សាន់ ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (​មុខរបរ​ជា​ជំនួយការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តាំងគោក​) ។ ចំណែក​រថយន្ត​បង្កហេតុម៉ាកតូយ៉ូតា កូរ៉ូណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២P ៣៦២៨ បើកបរ​ដោយ​ឈ្មោះ ម៉ៅ វឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​មុខរបរ​លក់ដូរ​) រស់នៅ​ភូមិ​រការ ឃុំ​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២P ៣៦២៨ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បង្ក​នោះ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​ឈរ​នៅ​ចិញ្ចើមថ្នល់ កំពុង​បំពេញបេសកកម្ម​ជាមួយ​ខាង​មន្ត្រី​ពន្ធដា បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក៏​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​តែ​ម្តង​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ជា​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​សង្ស័យ​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​បើករថយន្ត​បង្ក​ក្នុង​ល្បឿន​លឿន​យ៉ាងនេះ ទំនងជា​ខ្លាច​សមត្ថកិច្ច​ពន្ធដា​ចាប់​ផាកពិន័យ ទើប​បើក​លឿន​ទៅ​បុក បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មន្ត្រី​អាវុធ​ម្នាក់ បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ជន​រង​គ្រោះជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​ចុះ​បំពេញបេសកកម្ម ដោយ​សហការ​ជាមួយ​កម្លាំង​ពន្ធដា ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​មធ្យោបាយ​ដែល​មិន​បាន​បង់ពន្ធ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះជា​មន្ត្រី​កងរាជអាវុធហត្ថ​កំពុង​តែ​បំពេញភារកិច្ច​នោះ ក្នុង​ទិស​ដៅ​រថយន្ត​បើក​មក​ពី​ជើង​ទៅ​ត្បូង ស្រប​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ឈរ​នៅ​លើ​ជាយ​ផ្លូវ​ផង (​ខាងលិច​ថ្នល់​) ទើបត្រូវ​រថយន្ត​បង្ក​បើក​យ៉ាង​លឿន​មក​បុក បណ្តាល​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ពេល​ដែល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក​តែ​ម្តង ។

ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​ក្រោយ​ពេល​កើតហេតុ ក៏​ត្រូវ​បាន​ឃាត់ខ្លួន រួច​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក រួម​ទាំង​វត្ថុ​តាង​រថយន្ត​បង្ក​១​គ្រឿង​ទៀត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក ។ ចំពោះ​មូលហេតុ​បឋម គឺ​បង្ក​មក​ពី​អ្នកបើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ក្រោយ​ពេល​កើតហេតុ សាកសព​ជន​រង​គ្រោះ ក៏​ត្រូវ​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

0 Reviews:

Post a Comment