Monday, March 1, 2021

អភិបាលខេត្តកំពត ផ្តាំផ្ញើដល់កងកម្លាំងត្រូវថែរក្សាសុខភាព និងចូលរួមអនុវត្តវិធានការការពារជំងឺឆ្លងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា....


(កំពត)៖
 លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការការពារ តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានជាប់ជាប្រចាំគឺ៣ការពារ និង៣កុំ ដើម្បីសហគមន៍ក៏ដូចជាអង្គភាព គ្មានជំងឺកូវីដ១៩។

ការណែនាំ និងផ្ដាំផ្ញើបែបនេះបានលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់កងកម្លាំងវរៈសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០១ និងកងកម្លាំងយោធាវរៈសេនាតូចការពារព្រំដែនគោកលេខ២ ដែលកំពុងឈរជើង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម ក្នុងស្រុកកំពង់ត្រាច។

លោក ជាវ តាយ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសភាពការណ៍ទូទៅមានលក្ខណៈល្អប្រសើរ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទឹកដី ខេត្តកំពត ដែលបានចេញពីការខិតខំយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ក៏ដូចអង្គភាពនីមួយៗ ស្របតាមបទបញ្ជាណែនាំរបស់ ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការពារជាតិដាក់ជូន ជាពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងមានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

ក្នុងស្ថានការណ៍រួមគ្នាបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតសកលក្នុងពិភពលោក និងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ជាលទ្ធផលសម្រេចបានរួមមាន៖ ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ច ដោះដូរចរាចរណ៍ទំនិញតាមព្រំដែន ពិសេសការងារទប់ស្កាត់ ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ ទាំងសងខាង រួមនឹងការបង្ក្រាបបទល្មើសនានាផងដែរ។

ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើរ ដល់កងកម្លាំងទាំងអស់ រួមនឹងអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនការផ្សព្វផ្សាយពាក់ព័ន្ធ នឹងវិធានការចាំបាច់មួយចំនួន ជុំវិញជំងឺឆ្លងកូវីដ១៩ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលដែលបានណែនាំនិងដាក់ចេញ។

លោកអភិបាលខេត្ត ក៏បាននាំយកនូវអង្ករ គ្រឿងឧបភោគ បរិភោគ រួមនឹងសម្ភារៈប្រើប្រាស់ និងថវិកាជូនដល់អង្គភាពកងកម្លាំង ដើម្បីជួយសម្រាល ជីវភាពប្រចាំថ្ងៃ ឈរជើងតាមព្រំដែនចំនួន ១៣គោលដៅ ក្នុងមួយគោលដៅទទួលបាន អង្ករ១០០គីឡូក្រាម, ត្រីខ ៥យួរ, មី៥កេះ, ទឹកសុទ្ធ៣០យួរ, តង់ទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ចំនួន០១ និងជូនថវិកាដល់កងកម្លាំងនគរបាល និងយោធាទាំងពីរអង្គភាព សរុបចំនួន១០៨នាក់ និងគ្រូពេទ្យ ៣នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល សរុបថវិកាអស់ចំនួន ៥,៥៥០,០០០រៀល។

លោកអភិបាលខេត្ត ក៏បានជូនថវិកាចំនួន៣០លានរៀល ដល់មន្ត្រីឃុំ ដែលបានស្នើសុំក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីយកទៅកសាងផ្លូវ នៅក្នុងមូលដ្ឋានឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ផងដែរ៕

0 Reviews:

Post a Comment