Friday, March 19, 2021

ប្រតិបត្ដិការ​ស្រាវជ្រាវជិត​៨​ម៉ោង​ តាម​ប្រមាញ់​ជន​ដៃដល់​បាន ក្រោយ​ចាប់​ស្ត្រី​ម្នាក់បំពាន​សេពសន្ថវៈ​រួច​ផ្តាច់ជីវិត ....


ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ រួច​ផ្តាច់ជីវិត​ស្ត្រី​ម្នាក់ ហើយ​ក៏​រត់គេច​ខ្លួន​បាត់​។ ប៉ុន្តែ​ក្រោយ​ពី​ជនល្មើស​រូប​នេះ​បាន​គេចខ្លួន​បាន​ប្រមាណជិត​​៨​ម៉ោង ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ រួច​ឃាត់ខ្លួន​បាន​តែ​ម្តង​ក្នុង​ថ្ងៃ​ដដែល​។

បើ​ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ខ្នង​ប្រឡាយ ក្នុងភូមិ​វល្លិ​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​ម្នាក់​មានឈអាយុ​៦១​ឆ្នាំ រស់នៅ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង បាន​ដេក​.​ស្លា​.​ប់​.​នៅ​លើ​ខ្នង​ប្រឡាយ ។ ក្រោយ​ពី​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​រួច​មក ពលរដ្ឋ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិត្យ​តែ​ម្តង​។

បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​អំពី​ហេតុការណ៍​ខាងលើ​នេះ​ភ្លាម លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​បញ្ជា​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ប្រតិបត្ដិការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​សាក្សី និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក្នុង​នោះ​ក្រុមបច្ចេកទេស​កោសល្យ​វិ​ច្ឆ័​យ គ្រូពេទ្យ និង​ក្រុម​បច្ចេកវិទ្យា រហូត​កំណត់​បទល្មើស និង​សកម្មភាព​របស់​ជនល្មើស​ជា​មុខសញ្ញា​ដែល​បាន​ប្រព្រឹត្ដ​។

លោក​វរសេនីយ៍ឯក សម សាក់ ក៏​បាន​បញ្ជាក់​ដែរ​ថា កិច្ចការ​ស្រាវជ្រាវ​នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បន្ដ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​៤​ល្ងាច​ថៃ្ង​ខែ​ឆ្នាំ​ដដែល កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង និង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ដ បាន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ិច ថន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពោធិ ឃុំ​អូរ ស្រុក​ភ្នំស្រួច នៅ​ចំណុច​ផ្លូវ​ប្រឡាយ​ច្បារមន ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រួច​ក៏​បញ្ជូន​ជនសង្ស័យ​រូប​នេះ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​សាកសួរ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​នេះ ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ផ្តាច់ជីវិត​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ រីឯ​មូល​ហេតុ គឺ​មុន​ដំបូង ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​បំពាន​សេពសន្ថវៈ​លើ​ស្ត្រី​រង​គ្រោះ ហើយដោយ​សារ​ខ្លាច​ជន​រង​គ្រោះ​ប្ដឹង​គេ​ឱ្យ​ចាប់ខ្លួន ទើប​ជនសង្ស័យ​រូប​នេះ​បាន​ផ្តាច់ជីវិត​ជន​រង​គ្រោះ​តែ​ម្ដង ។

ក្រោយ​ការ​សារភាព​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​ចំណាត់ការ​បន្ត ចំណែក​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បំពេញបែបបទ រួច​ក៏​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនល្មើស​រួច​មក សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

0 Reviews:

Post a Comment