Wednesday, March 24, 2021

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ បើក​បុក​ម៉ូតូ​ពីក្រោយនិង​កិន បុរស​ម្នាក់​បណ្តាល​អោយ​បែកក្បាល​ស្លាប់​ភ្លាមៗ.....


រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ រួច​កិន បុរស​ម្នាក់​បណ្តាល​អោយ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង ។ គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ ចំណុច​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​បេតុង ចូល​ហ្គេ​ន​ភ្នំពេញ ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ជា សុវណ្ណ ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក CLICk ពណ៌​ក្រហម​លាយ​ខ្មៅ សេរី​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW-8049 ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​កន្លែង ។

ចំណែក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1750 បើកបរ​ឈ្មោះ សាន សែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ត្រូវ​នគរបាល​ឃាត់ខ្លួន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ និង​រថយន្ត​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។​នៅ​ពេល​មក​ដល់​ផ្លូវ លេខ​៥៩៨ រថយន្ត ក្រឡុក​ស៊ីម៉ងត៍ ក៏​បាន​បទ​ស្តាំ​ទៅ​ទិស​ខាងត្បូង​ឡើង ផ្លូវ​លេខ ៥៩៨ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ ហើយ​កិន អ្នកបើកបរ ម៉ូតូ​ចំ​ក្បាល​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

អ្នកបើកបរឡានក្រឡុកស៊ីម៉ង់ត៍

ភ្លាម​ៗ អ្នកបើកបរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​បណ្តាល​អោយ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ។ រថយន្ត និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​បញ្ជូន ទៅ​កាន់​ការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សព​ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

0 Reviews:

Post a Comment