Wednesday, March 24, 2021

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ជំរុញកងកម្លាំងពង្រឹងការការពារបន្ថែមនៅតាមមណ្ឌលចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩....

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានជំរុញដល់កងកម្លាំងទាំងអស់ធ្វើការពង្រឹង និងបន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការប្រុងប្រយ័ត្ននិងការពារខ្លួន ដើម្បីចៀសវាងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងជំរុញដូចនេះនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមាន លោក-លោកស្រីស្នងការរង, លោកនាយការិយាល័យទាំង៣១, លោកអធិការនគរបាលទាំង១១ស្រុក/ក្រុង, លោកមេបញ្ជាការវរៈ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិជ្រៃធំ ជាច្រើនរូប បានចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បន្តថា ដើម្បីពង្រឹងសន្តិសុខនៅមណ្ឌលចត្តាឡីស័កនានាទូទាំងខេត្តកណ្ដាល កងកម្លាំងទាំងអស់ត្រូវធ្វើការយកចិត្តទុកដាក់ នៅក្នុងកិច្ចការរបស់ខ្លួន និងផ្លាស់វេនគ្នាឲ្យបានត្រឹមត្រូវ ពិសេសតាមដានមើលការចង់បង្កបញ្ហាណាមួយ ធ្វើយ៉ាងណាបង្កើតកុំឱ្យមានករណីបញ្ហាកើតឡើង ណាមួយឲ្យសោះ។

លោកស្នងការ ក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ត្រូវចូលរួមទាំងគ្នាជួយផ្សព្វផ្សាយក៏ដូចជាការចូលរួមអនុវត្តវិធានការណ៍ « ៣កុំ ៣ការពារ » ឱ្យមានប្រសិទ្ធភាពធ្វើយ៉ាង ណាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ កុំឲ្យមានការរីកសាយភាយ ក្នុងទិសដៅដើម្បីលុបបំបាត់កម្ចាត់ជំងឺកូវីដ១៩នេះ ចេញពីប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្នងការនគរបាលខេត្តកណ្ដាល ក៏បានប្រគល់ប័ណ្ណសរសើរដល់តាមបណ្តាអធិការដ្ឋាននគរបាល គ្រប់ស្រុក/ក្រុង សម្រាប់ផ្តល់ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភីក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២០ផងដែរ៕

0 Reviews:

Post a Comment