Thursday, March 25, 2021

កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ១នាក់រកឃើញថ្នាំញៀនជិត៦គីឡូក្រាម.


តាកែវ៖កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស បានចុះចាប់ខ្លួនជនសង្ស័យ២នាក់ ដោយម្នាក់ចាប់បាននៅស្រុកសំរោង ខេត្តតាកែវ និង ម្នាក់ទៀត ចាប់បាននៅរាជធានីភ្នំពេញ ដោយរឹបអូសវត្ថុតាងបានម្សៅក្រាមពណ៌សថ្លា ជិត៦គីឡូក្រាម ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ថ្លែងថា កាលពីវេលាម៉ោង២២,២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០ ២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិ ពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ ឈ្មោះចែម គីមស្រ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ដោយដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន បានចំនួន ១កញ្ចប់ ទម្ងន់ ២៥, ៩១ក្រាម ទូរស័ព្ទចំនួន១គ្រឿង ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានបន្តថា ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថាខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ដោយបានការអនុញ្ញាតពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ នោះ កម្លាំងក៏ធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដឹកនាំបញ្ជារួមដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជាមួយម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥កញ្ចប់ ទម្ងន់ប្រហែល៥ ០០ក្រាម ម៉ូតូចំនួន០១គ្រឿង ម៉ាកឃ្លីកពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ PP-1IR-4377 ភ្នំពេញ និងបន្តទៅឆែកឆេរផ្ទះជួលរបស់ ជនសង្ស័យឈ្មោះ ហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី បានរកឃើញ ក្រាមពណ៌សថ្លា (ICE) ចំនួន០៥ដុំធំ ទម្ងន់ប្រហែល ៥គីឡូក្រាម ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង០៣រថយន្ត ស្លាកលេខ កោះកុង 2A-0435 ភ្នំពេញ 2A-7793 ភ្នំពេញ 2N-4163 នៅចំពោះមុខជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន ។

លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានបន្ថែមថា កម្លាំងជំនាញបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យលទ្ធផលតេស្តមានចេញពណ៌ត្នោត លឿងទុំ ដូចមានក្នុងគីមីពិសោធន៍ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ កំពុងតែកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

   

0 Reviews:

Post a Comment