Tuesday, March 23, 2021

ជនសង្ស័យ​​២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ បាន​សម្រេច​ ហើយ​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ក្របួច​ជាប់​....


រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ Zoomer-X បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ក្របួច​ជាប់​២​នាក់ យក​ទៅ​សួរនាំ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​22 ខែ​មិ​នា ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​169 នៅ​ចំណុច​ក្រោយ​ក្លឹ​ប​QK ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​ជន​រង​គ្រោះ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ស ពាក់​ស្លាក​លេខ​រន​ត​គី​រី​1E7375 បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត
ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១​មានឈ្មោះ​ដួង ច័ន្ទ​បញ្ញា ភេទ​ប្រុស អាយុ​17​ឆ្នាំ មុខរបរ​កម្ម​រោងចក្រ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​មាត់ទន្លេ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ទី​2 មានឈ្មោះ​សៀវ​សៀង​ឡុ​ង ភេទ​ប្រុស អាយុ​17​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​11 នៅ​វិទ្យាល័យ​ឬ​ស្សី​កែវ ស្នាក់​នៅ​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​ពណ៌​ទឹកក្រូច​សេរី​2018 ពាក់​ស្លាក​លេខ​ភ្នំពេញ 1IA1696 បើកបរ​ស្រប​ទិស​ដៅ​ជាមួយនឹង​ជន​រង​គ្រោះ​រួច​ហើយ​ក៏​ជនសង្ស័យ​ឆ្លៀត​អាកាស​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​បាន​សម្រេច រួច​ហើយ​ជិះ​បំរុង​នឹង​រត់គេច​ខ្លួន ក៏​ប៉ុន្តែ​ជន​ង​គ្រោះ​បាន​ធ្វើការ​ស្រែក​ដេញ​តាម​ពីក្រោយ​ថា ចោរ​ៗ​ទើប​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឌូ​ប​បើក​ជួយ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​នឹង​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ចុះ​មក​អន្តរាគមន៍​ធ្វើការ​ឃាត់​បាន​ទាំង​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​ទ្រោម​ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ថា ដោយសារ​តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ​សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ប្រគល់​អោយ​ដើម្បី​ធ្វើការ​សួរនាំ​ជា​បន្ត​ទៅ​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕

0 Reviews:

Post a Comment