Monday, March 22, 2021

ចាប់បានម្តាយ វាយដំច្រំធាក់កូនស្រីអាយុ ៧ឆ្នាំហើយ.....


ខេត្តពោធិ៍សាត់៖ ម្តាយ ដែលបានវាយដំច្រំធាក់កូនស្រីអាយុ ៧ឆ្នាំ ត្រូវបានសមត្ថកិច្ច នាំខ្លួន​ទៅសាកសួរ និងកសាង​សំណុំរឿង ចាត់ការតាមនីតិវិធីហើយ។ ស្ត្រីនោះ រស់នៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំណាត់ការនេះ ត្រូវបានធ្វើឡើង ក្រោយពីខ្លីប​វិដេអូបង្ហាញពីម្តាយ វាយដំកូនស្រីទើបអាយុ ៧ឆ្នាំ ដោយគ្មានក្តីមេត្តា​សោះឡើយ​។ មូលហេតុ ដោយសារតែកូន យកលុយ ២០០០រៀល ទៅទិញទឹកខ្នុរកាឡុក ចំនួន ៤ដប ចែក​ប្អូនផឹក។

របាយការណ៍របស់ប៉ូលិសខេត្តពោធិ៍សាត់​ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បង្ហាញថា បទហិង្សាក្នុងគ្រួសារ ដែលបង្កដោយម្តាយបង្កើតវាយកូនស្រី បណ្តាលឲ្យរងរបួស បានកើតឡើង កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩ និង ៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ជនមុខសញ្ញា ស្ថិតនៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់។

អំពើហិង្សានោះ បង្កឡើង ដោយម្តាយ ឈ្មោះ វ៉ែន  សុធន់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាម្តាយបង្កើតរបស់​ជនរងគ្រោះ។ ស្ត្រីនេះ ជាកម្មការិនីកាត់ដេរ នៅរោងចក្រកាត់ដេរ តៃអ៊ីហ្សី។ រីឯ​ជនរងគ្រោះ ឈ្មោះ ឈឿន ណារី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើតរបស់​ជនមុខសញ្ញា។ នាង​រៀនថ្នាក់ទី២។ ឪពុកឈ្មោះ នី សាំង អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ( ជាឪពុកចុង) មុខរបរ កម្មករសំណង់។

អាជ្ញាធរសមត្ថកិច្ច បានលើកឡើងថា កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨ និង ០០នាទី​ព្រឹក ជនរហគ្រោះ បានយកលុយ ចំនួន ២០០០៛ (ពីរពាន់រៀល) ទៅទិញទឹកខ្នុរកាឡុក ចំនួន ៤ដប ចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះ ម្តាយ​បានសួរនាំកូន។ រួចកូនបានឆ្លើយប្រាប់ថា មកពីទិញទឹកខ្នុរក្រឡុក ចែកបងប្អូនផឹក។ ស្រាប់តែ ម្តាយ ស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី បណ្តាលឲ្យជនរងគ្រោះ រងរបួសគ្រាំខាងក្នុងខ្លួន​។

​​នៅរសៀលថ្ងៃទី២១ ខែមីនានេះ ម្តាយ ត្រូវបាន​ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកក្រគរ តាមបញ្ជាររបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំនីតិវិធី។

អ្នកភូមិ បានប្រាប់ថា ម្ដាយនោះ តាំងពីបានប្ដីចុងមក គាត់តែងតែវាយធ្វើ​បាបកូនស្រី​ច្បង លោះ​ថ្ងៃ​តិច​ណាស់។ បន្ទាប់ពីម្តាយ​ ត្រូវឃាត់ខ្លួន អ្នកជិតខាង បារម្ភ​ពីសុវត្ថិភាពក្មេងស្រីរងគ្រោះ ហើយ​ស្នើដល់​អាជ្ញាធរសមត្ថកិច្ច មានចំណាត់​ការ​ ខណៈដែលនាង និងប្អូនៗ ត្រូវរស់នៅជាមួយឪពុកចុង៕

0 Reviews:

Post a Comment