Thursday, April 29, 2021

មនុស្ស ៥ នាក់ នឹងត្រូវបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការឈូសឆាយកាប់រានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឃាត់ខ្លួនមនុស្ស ៥ នាក់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីបទល្មើសកាប់គាស់ ដុត ឆ្ការ រុករានទន្ទ្រាន ហ៊ុមព័ទ្ធ យកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌល គិរី ចេញផ្សាយនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៥ ខែមេសា បានចុះល្បាតក្នុងភូមិសាស្ត្រនៅចំណុចក្បែរទឹកខួប ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទម ស្រុកកែវសីមា ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងជាតំបន់អនុវត្តគម្រោង REED+។

នៅក្នុងការចុះល្បាតនេះ ក្រុមការងារប្រទះឃើញជនសង្ស័យចំនួន ៨ នាក់ កំពុងធ្វើសកម្មភាពដាំដំឡូងលើទីតាំងដីដែលត្រូវបានកាប់គាស់ និងរុករាន ដោយខុសច្បាប់ ហើយក៏ជាទីតាំងដីព្រៃដែលមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីកន្លងមកដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ៤ នាក់ យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

ក្នុងចម្លើយសារភាពរបស់ជនសង្ស័យទាំង ៤ នាក់ បានបញ្ជាក់ថា ពួកគាត់មកស៊ីឈ្នួលដាំដំឡូងលើដីនេះឲ្យឈ្មោះ សយ ស៊ីថា ហៅ ពៅ ភេទប្រុស មានទីលំនៅភូមិអូរណា ឃុំស្រែខ្ទម ស្រុកកែវសីមា។

បន្ទាប់ពីមានការឃាត់ខ្លួននេះ មានម្ចាស់គណនី Facebook ឈ្មោះ ស៊ីថា ដេលី ប្រេកឃីងញ៉ូ បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបាននិយាយធានាអះអាងថា ដីដែលប្រជាពលរដ្ឋចំនួន ៤ នាក់ បានចូលដាំដំឡូង ហើយត្រូវជំនាញបរិស្ថានបានចាប់ឃាត់នេះជាដីរបស់ខ្លួន។

មន្ត្រីឧទ្យានុរក្សបានបន្តស្រាវជ្រាវករណីនេះ ហើយនៅព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានឃាត់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ ស៊ីថា ដេលី ប្រេកឃីងញ៉ូ មកសាកសួរនៅមន្ទីរបរិស្ថានខេត្ត។

ផ្អែកតាមចម្លើយសារភាពរបស់ជននេះឆ្លើយថា គណនី Facebook ឈ្មោះ ស៊ីថា ដេលី ប្រេកឃីងញ៉ូ ជាកម្មសិទ្ធិរបស់ខ្លួន ហើយខ្លួនបានបង្ហោះអត្ថបទពាក់ព័ន្ធករណីមន្ត្រីជំនាញបរិស្ថានចាប់ឃាត់មនុស្សចំនួន ០៤ នាក់ ចូលដាំដំឡូងពិតប្រាកដមែន។

អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានឃាត់ខ្លួនបុរសម្នាក់នោះ យកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

ទោះជាយ៉ាងណានៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់ពីទំហំដី ដែលត្រូវបានជនល្មើស កាប់រុករានដោយខុសច្បាប់នេះទេ៕   

0 Reviews:

Post a Comment