Wednesday, May 12, 2021

បិទបញ្ចប់ខែបួសរ៉ាម៉ាឌន, ស្អែកនេះសាសនិកឥស្លាមកម្ពុជាគ្រប់រូបទូទាំងប្រទេស នឹងប្រារព្វពិធីបុណ្យរ៉យ៉ាហ្វីត្រះ ផ្អែកតាមវិធានការណ៍សុខាភិបាលដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩

(ភ្នំពេញ) ៖ រ៉ាម៉ាឌននៃសាសនាឥស្លាមត្រូវបានបិទបញ្ចប់ក្រោ យសាសនិកបានបួសរយ:ពេល៣០ថ្ងៃរួចមក។ ស្អែកនេះត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ជាថ្ងៃដែលសាសនិកខ្មែរឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅតាមបណ្ដាប្រទេសមួយចំនួន នឹងប្រារព្វពិធីបុណ្យបិទបញ្ចប់ការបួសរ៉ម៉ាឌន ហៅថា " រ៉យ៉ាហ្វីត្រះ " ។ 


បុណ្យរ៉យ៉ាហ្វីត្រះ ត្រូវបានសាសនិកឥស្លាមទូទាំងពិភពលោកប្រារព្វឡើងជារៀងរាល់ឆ្នាំ ក្រោយពេលបិទបញ្ចប់ការបួសរ៉ ម៉ា ឌនដែលសាសនិកឥស្លាមគ្រប់លក្ខណទាំងអស់បួសតមអា ហារ ភាវនាធម៍ និងបដិបត្តតាមគន្លងសាសនាដ៍ត្រឹមត្រូវនេះរ យ:ពេលពេញមួយខែរួចមក ។ 


យោងតាមសេចក្តីប្រកាសរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាស នាឥស្លាមកម្ពុជាបានអោយដឹងថា នៅថ្ងៃព្រហស្បិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃរ៉យ៉ាហ្វីត្រះសំរាប់សាសនិកឥស្លាមកម្ពុជាក្នុងឆ្នាំ ១៤៤២ ហិជរ៉ោះ។ ប្រសិនបើយើងក្រឡេកមើលទៅលើពិភពលោកយើងក៏ឃើញដែរថា វាក៏ជាថ្ងៃរ៉យ៉ាសំរាប់សាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ។ 


ថ្ងៃរ៉យ៉ាគឺជាថ្ងៃសប្បាយរីករាយសំរាប់សាសនិកឥស្លាមនៅទូទាំងពិភពលោក ហើយក្នុងរយៈពេលមួយឆ្នាំសំរាប់សាសនិកឥស្លាមមានថ្ងៃរ៉យ៉ាប្រចាំឆ្នាំចំនួនពីរដងគឺទីមួយ " ថ្ងៃរ៉យ៉ាហ្វីត្រះ " និងទីពីរ " ថ្ងៃរ៉យ៉ាហាជី " ។


ថ្ងៃរ៉យ៉ាហ្វីត្រះស្ថិតនៅថ្ងៃទី១ ខែទី ១០ នៅក្នុងសាសនាឥស្លាម ពោលគឺក្រោយខែរ៉ម៉ាឌន ជាខែដែលសាសនិកឥស្លាមត្រូវបួសអំពីអាហារ អំពីតណ្ហា និងប្រការអាក្រក់ផ្សេងៗ។ ចំណែកថ្ងៃ រ៉យ៉ាហាជី គឺស្ថិតនៅថ្ងៃទី ១០ ខែត្ស៊ុលហិចចះឬខែហាជី ជា ខែទី១២ របស់ឥស្លាមដែលសាសនិកឥស្លាមដែលមានលទ្ធភា ពនាំគ្នាទៅធ្វើបុណ្យហាជីនៅទីក្រុងម៉ាកះនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។ 


ដើម្បីជ្រាបច្បាស់ជុំវិញពិធីបុណ្យរ៉យ៉ាហ្វីត្រះនេះ លោកស្លៃម៉ាន ហ្វាន់ទី អ្នកយកព័ត៍មានអង្គភាព Fresh News ខេត្តកណ្តា លបានសម្ភា សន៍លោក សាស្ត្រាចារ្យ មោសា អះម៉ាត់ ដែលលោកបានបញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាមនៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីតនៅវេលាយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១នេះ ដែលមានខ្លឹមសារដូចតទៅ ៖ 


តើសាសនិកឥស្លាមត្រូវអនុវត្តន៍តាមបែបផែនយ៉ាងខ្លះនៅថ្ងៃរ៉យ៉ាហ្វីត្រះនេះ ? 


*លោកសាស្ត្រាចារ្យ ៖ តាមធម្មតានៅព្រឹកថ្ងៃរ៉យ៉ា អ្នកឥស្លាមត្រូវក្រោកពីព្រឹកព្រលឹម ងូតទឹកសំអាតខ្លួនប្រាណ ស្លៀកសំ លៀកបំពាក់ដែលល្អស្អាត និងបាញ់ទឹកអប់ឲ្យក្រអូប រួចនាំគ្នាទៅប្រតិបត្តិសឡាតរ៉យ៉ាដើម្បីគោរពសក្ការៈទៅចំពោះអល់ឡោះនៅម៉ាស្ជិទ(វិហារឥស្លាម)ឬទីវាល ក្នុងករណីមិនមានឧបសគ្គរារាំងដូចជាជំងឺរាតត្បាតជាដើម។ ប៉ុន្តែនៅក្នុងករណីដែលមិនអាចទៅប្រតិបត្តិសឡាតរ៉យ៉ារួមគ្នានៅកន្លែងតែមួយបានដូចស្ថានភាពបច្ចុប្បន្នដែលមានជម្ងឺកូវីដ-១៩កំពុងរាតត្បាតនោះ អ្នកឥស្លាមប្រតិបត្តិសឡាតរ៉យ៉ារួមគ្នានៅតាមផ្ទះរៀងៗខ្លួន។ 


ក្រៅពីនោះក៏មានការអបអរ និងការជូនពរគ្នាប្រកបដោយភាពរួសរាយរាក់ទាក់ដែលបញ្ជាក់ពីការស្រលាញ់រាប់អានគ្នាទៅវិញទៅមក។ 


អ្នកឥស្លាមក៏តែងរៀបចំម្ហូបអាហារពិសារជុំគ្នានៅក្នុងផ្ទះរបស់គាត់ដើម្បីបញ្ជាក់ពីសាមគ្គីភាពនិងភាពរីករាយនៅក្នុងគ្រួសារ។ លើសពីនេះ អ្នកឥស្លាមក៏តែងសូត្រធម៌បញ្ជាក់ពីការថ្លែងអំណរគុណចំពោះអល់ឡោះ និងបញ្ជាក់ពីភាពធំធេងរបស់ទ្រង់នៅគ្រប់ទីកន្លែងផងដែរ។ 


តើថ្ងៃរ៉យ៉ារបស់សាសនាឥស្លាមឆ្លុះបញ្ចាំងអំពីអ្វីខ្លះ? 


*លោកសាស្ត្រាចារ្យ ៖ ថ្ងៃរ៉យ៉ាហ្វីត្រះនេះបានឆ្លុះបញ្ចាំងឲ្យឃើ ញពីតម្លៃដូចជា ៖

* ១ .ថ្ងៃរ៉យ៉ា ជាការថ្លែងអំណរគុណចំពោះអល់ឡោះដែលបានសំរួលអោយបានធ្វើទង្វើល្អរួច ដែលនេះបញ្ជាក់ថា ពេលដែលអ្នកឥស្លាមត្រូវសប្បាយពិតប្រាកដគឺពេលដែលបានសាងទង្វើល្អរួច និងពេលដែលអាចការពារខ្លួនពីប្រការអាក្រក់ឬបាបកម្មផ្សេងៗបាន។ 


* ២ .ថ្ងៃរ៉យ៉ា ជាថ្ងៃបង្ហាញពីសប្បុរសធម៌នៅក្នុងសាសនាឥស្លាមដែលគេអាចអោយឈ្មោះថា ជាថ្ងៃបរិច្ចាគ ព្រោះនៅថ្ងៃនោះអ្នកឥស្លាមគ្រប់រូប មិនថាក្មេងឬចាស់ ប្រុសឬស្រី ត្រូវបរិច្ចាគជាអាហារប្រមាណ៣គីឡូក្រាមអង្ករទៅអោយអ្នកក្រ ឬជាលុយដែលមានតម្លៃស្មើដើម្បីផ្តល់ភាពរីករាយដល់អ្នកក្រីក្រនៅថ្ងៃរ៉យ៉ានោះ។ 


* ៣.ថ្ងៃរ៉យ៉ា បង្ហាញពីសាមគ្គីភាពនៅក្នុងសាសនាឥស្លាម ព្រោះអ្នកឥស្លាមជុំវិញពិភពលោកអនុវត្តន៍នូវការសឡាតរ៉យ៉ាដូចគ្នា បន្ទាប់ពីការបួសដូចគ្នានៅក្នុងខែរ៉ម៉ាឌន។ 


* ៤.ថ្ងៃរ៉យ៉ា បង្ហាញពីភាពស្មើគ្នានៅក្នុងសាសនាឥស្លាម វាជាថ្ងៃដែលអ្នកឥស្លាមសម្តែងនូវភាពរីករាយ  និងភាពរួសរាយរបស់ខ្លួនចំពោះគ្នាទៅវិញទៅមកដោយមិនប្រកាន់ឋានៈ បុណ្យសក្ដិ តួនាទី ទ្រព្យសម្បត្តិ ឬមុខមាត់អ្វីមួយឡើយ។ 


* ៥ .ថ្ងៃរ៉យ៉ា បង្ហាញថាសាសនាឥស្លាមចង់អោយអ្នកប្រតិបត្តិតាមសាសនានេះ ទទួលជោគជ័យ និងភាពរីករាយទាំងនៅក្នុងលោកិយ៍ និងបរលោក។ 


* ៦ .ថ្ងៃរ៉យ៉ា បង្ហាញពីការគោរពតាមថ្នាក់ដឹកនាំរបស់សាស និកឥស្លាម ព្រោះអ្នកឥស្លាមទូទៅតែងរង់ចាំចាំស្តាប់ការប្រកា សរបស់ថ្នាក់ដឹកនាំឥស្លាមពីពេលវេលានៃថ្ងៃរ៉យ៉ាតាមរយៈការមើលឃើញខ្នើតខែស្សាវវ៉ាលឬតាមរយៈការរាប់បង្គ្រប់៣០ថ្ងៃនៃខែរ៉ម៉ាឌនក្នុងករណីមើលមិនឃើញខ្នើតខែស្សាវវ៉ាលនៅល្ងាចថ្ងៃទី២៩ នៃខែរ៉ម៉ាឌន។




0 Reviews:

Post a Comment