Tuesday, May 25, 2021

បាក់ស្រុតច្រាំងទន្លេនៅស្រុកលើកដែក ខេត្តកណ្ដាល ប៉ះពាល់ពលរដ្ឋ១៨គ្រួសារ....


(កណ្ដាល)៖ គ្រោះធម្មជាតិបាក់ច្រាំងទន្លេមេគង្គក្រោម នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យផ្ទះប្រជាពលរដ្ធខ្មែរចំនួន១៨ខ្នងផ្ទះ រងផលប៉ះពាល់ ក្នុងនោះមានផ្ទះចំនួន៥គ្រួសារ បាក់ស្រុតចូលទន្លេទាំងស្រុងតែម្ដង ហើយក្រៅពីនោះក៏បានបង្ខំចិត្តរុះរើទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានប្រាប់ អង្គភាព រស្មីភ្នំដា ថា «បន្ទាប់ពីកើតហេតុភ្លាម លោកបានបញ្ជាឱ្យក្រុមការងារចុះជួយប្រជាពលរដ្ឋភ្លាមៗតែម្ដង ដោយបានជួយរើឥវ៉ាន់ពួកគាត់ ទៅដាក់នៅទីទួលសុវត្ថិភាព និងបានឧបត្ថម្ភស្បៀងអាហារ និងសម្ភារជ្រកកោនមួយចំនួន»។ លោកបានឱ្យដឹងថាថា នៅរសៀលថ្ងៃនេះ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ នឹងអញ្ជើញទៅសួរសុខទុក្ខ និងជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដល់ទីតាំងផ្ទាល់តែម្ដង។ បើតាមការរៀបរាប់ពីប្រជាពលរដ្ធរងគ្រោះ ពួកគាត់រស់នៅតំបន់ជួរមាត់ទន្លេនេះតាំងពីឆ្នាំ១៩៨០ជាង ដោយមានក្បាលដីមួយឡូតិ៍ៗប្រហាក់ប្រហែលគ្នា។ ប៉ុន្តែកាលពីជាង២០ឆ្នាំមុន ទីតាំងនេះធ្លាប់រងគ្រោះបាក់ច្រាំងទន្លេ មួយដងហើយ នៅសល់បណ្តោយដីខ្លះជាង៣០ម៉ែត្រ ខ្លះជាង២០ម៉ែត្រ សម្រាប់សង់ផ្ទះស្នាក់នៅមកដល់បច្ចុប្បន្ននេះ។ ពួកគាត់បានបញ្ជាក់ទៀតថា ស្រាប់តែមកដល់ឥឡូវ ដោយសារគ្រោះធម្មជាតិដីច្រាំងទន្លេនេះ ត្រូវបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេអស់ទាំងស្រុងមិនមានយកអ្វីបាននោះទេ ហើយខ្លះខំប្រឹងប្រមូលទ្រព្យសម្បត្តិបានទាន់ពេលវេលា។ ពាក់ព័ន្ធបញ្ហានេះលោក ខ្មៅ រ៉ន មេឃុំព្រែកដាច់ បានឱ្យដឹងថា អាជ្ញាធរឃុំ បានចុះទៅពិនិត្យណែនាំឱ្យពួកគាត់មានការប្រុងប្រយ័ត្ន និងបានធ្វើរបាយការណ៍ជូនទៅខេត្ត និងកាកបាទក្រហមខេត្តកំពុងរៀបចំយកអំណោយសង្គ្រោះបន្ទាន់ត្រៀមចែកជូនដល់ពួកគាត់៕

















0 Reviews:

Post a Comment