Tuesday, May 11, 2021

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩


កំពត: នៅថ្ងៃ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១០៨គ្រួសារ នៅស្រុកដងទង់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក ដែលបានធ្វើនៅបរិវេណសាលាស្រុកដងទង់។

ក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោ បាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរម្លឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ, លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល, រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយកាកបាទក្រហមដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺចែកជូនដល់ប្រជាពល រដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១០៨គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ១យួរ, ទឹកត្រី១យួរ, ទឹកបរិសុទ្ធ១កេស, និងថវិកា២ម៉ឺនរៀល ។ ព្រមទាំងបានឧបត្ថម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន ៤៧ម៉ឺនរៀល៕

0 Reviews:

Post a Comment