Wednesday, May 12, 2021

ម្នាក់រងរបួស ម្នាក់ស្លាប់ ដោយសារទាស់សំដីគ្នា ក្នុង​វង់​ផឹកស៊ី

ពោធិ៍សាត់​៖ បុរស​ពីរ​នាក់ ទាស់សំដី​គ្នា ក្នុង​វង់​ផឹកស៊ី ជាមួយគ្នា ហើយ​បុរស​ម្នាក់ (​ជនរងគ្រោះ​) បាន​ទៅយក​ពូថៅ មក​កាប់​គូទំនាស់ របស់ខ្លួនឱ្យ​របួស​ដៃ ធ្វើឱ្យ​គូទំនាស់​(​ជនសង្ស័យ​) យក​កាំបិត​ខ្វែវ កាប់​តប​វិញ បណ្ដាល​រងរបួស ជាច្រើន​កន្លែង រហូតដល់​ស្លាប់​ នៅយប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ព្រៃ​អណ្តូង ភូមិ​បាក់​ត្រា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ បន្ទាប់មក នៅវេលា​ម៉ោង២ រសៀល ថ្ងៃទី​១១ ខែឧសភា នេះ ជនសង្ស័យ ត្រូវសមត្ថកិច្ចតាម​ចាប់ខ្លួនបាន ពាក់ព័ន្ធ​ករណី​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស (​កាប់​បណ្តាល​អោយស្លាប់​) និង​បាន​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការដើម្បី​ផ្ត​ន្ទ​ទោស តាមច្បាប់ ។

បុរសរងគ្រោះ​ដល់​ស្លាប់​នោះ ឈ្មោះ ហុន ទឿ​ន អាយុ​៣១​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​ស្លាប់​តាមផ្លូវ នៅពេល​ក្រុមគ្រួសារ បាន​ដឹក​មក​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់​។ ចំណែក​ជនសង្ស័យ ឈ្មោះ អិត រ័ត្ន អាយុ ៣២ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​នោះ បាន​ប្រព្រឹត្ត​អំពើហិង្សា ដោយ​កាប់​គូទំនាស់​សំដី​រួចហើយ ក៏បាន​រត់​គេចខ្លួនបាត់ ។​

​ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ​ទីកន្លែង កើតហេតុ​ជាក់ស្តែង ស្ថិតនៅ​ចំណុច​ព្រៃ​អណ្តូង នៅ​លើដី​ភូមិ របស់​ឈ្មោះ តើយ រុំ ឃើញ​មាន​បន្សល់​នូវ វត្ថុតាង​មួយចំនួន មានដូចជា មួក​មួយ ពណ៌​ខៀវ​លឿង មាន​រូប​មនុស្ស​, តំណក់ឈាម បាច​ពេញ​ដី​, ពូថៅ​ដៃ ដង​ឈើ​មួយ , ស្បែក ជើង​ផ្ទាត់ មួយ​ចំហៀង មាន​ប្រឡាក់​ឈាម​, ពិល​កែវ ពណ៌​ខ្មៅ​មួយ​, កាំបិត ក កុក ដង​ឈើ​មួយ មាន​ប្រឡាក់​ជាប់​ឈាម ។​

តាមរយៈ​ការពិនិត្យ ស្នាមរបួស​លើ​សាកសព សមត្ថកិច្ច បាន​បង្ហាញថា បុរសរងគ្រោះ ស្លាប់​ដោយសារ​តែមាន របួស​ធ្ងន់ធ្ងរ នៅ​ច្រើន​កន្លែង មានដូចជា របួស​លើ​ចិញ្ចើម ថ្ងាស​ខាងឆ្វេង ផុង​លលា​ដ៏​, ក មាន​សភា​ពរឹង​, ស្មា​ខាងឆ្វេង ដាច់​ឆ្អឹង ២ កន្លែង (​ឆ្អឹង​ស្មា និង​ឆ្អឹងស្លាបប្រចៀវ​) , របួស​ខ្នង ខាងឆ្វេង ពី​ក​ញ្ចឹ​ង ក រហូតដល់​ក្រោម​ក្លៀក ដល់​ឆ្អឹងជំនី និង​សួត​, របួស​ចង្កេះ​ខាងឆ្វេង ដាច់​ឆ្អឹង ដល់​តម្រងនោម ។​

​យោងតាម​ការពិនិត្យ ទីកន្លែង​កើតហេតុ និង​សាកសព គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា ជនរងគ្រោះ ឈ្មោះ ហុន ទឿ​ន ស្លាប់​អាច​បណ្តាល​មក ពី​ប៉ះទង្គិច​នឹង​វត្ថុ​រឹង មានមុខ​មុត និង​មាន​ទម្ងន់​។ ជនរងគ្រោះ​ស្លាប់​លើសពី ១២ ម៉ោង ។ សាកសព​បាន​ប្រគល់អោយ​ឪពុក​បង្កើត​សព ឈ្មោះ តឺ​យ លោម អាយុ ៦១​ឆ្នាំ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​វត្ត​បក្សី​ចាំ​ក្រុង ហៅ​វត្ត​បាក់​ត្រា​។​

​ចំណែក​ជនសង្ស័យ ឈ្មោះ អិត រ័ត្ន បាន​ប្រព្រឹត្ត​អំពើហិង្សា ដោយ​កាប់​គូទំនាស់​សំដី​រួចហើយ ក៏បាន​រត់​គេចខ្លួនបាត់ មកដល់ពេលនេះ សមត្ថកិច្ច បាន​ចាប់ខ្លួនបាន នៅវេលា​ម៉ោង ២ រសៀល នា​ថ្ងៃទី​១១ ឧសភា​នេះ ហើយ​ជនសង្ស័យ ក៏មាន​ស្នាមរបួស ២ កន្លែង ត្រូវ​ដៃ​។ សមត្ថកិច្ច​ជំនាញ បានរៀបចំ​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

  •     

0 Reviews:

Post a Comment