Thursday, June 17, 2021

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីប៉ុនប៉ងកាច់សោរកម៉ូតូ.....


ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីប៉ុនប៉ងកាច់សោរកម៉ូតូប្រជាពលរដ្ឋ  ។  

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews  

លោកវរសនីយ៍ទោ  ជាង ហុកសែ អធិការរង ទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់អោយដឹងថា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ករណីប៉ុនប៉ងប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ ក ម៉ូតូ ។

ជនសង្ស័យទាំង ២នាក់នេះ ធ្លាប់ធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ ប្រជាពលរដ្ឋ៤លើករួចទៅហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ចំណែក ម៉ូតូ១គ្រឿង ដែលដកហូតពីជនសង្ស័យទាំង ២នាក់នេះ គឺរកឃើញជនរងគ្រោះរស់នៅខណ្ឌពោធិ៍សែនជ័យ ក៏បានដាក់ពាក្យបណ្តឹងរួចហើយផងដែរ ។ ជាមួយគ្នានេះនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្តស្នើរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។   

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ប្រាប់បញ្ជាក់អោយដឹងថា ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការបង្ក្រាបជាក់ស្តែង ករណី ប៉ុនប៉ងលួចម៉ូតូ (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី ត្រង់ចំណុចខាងមុខក្រុមហ៊ុន ក្រឡុង ស៊ីម៉ង់ត៍ ផ្លូវ ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ជនសង្ស័យ ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១ . ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២ . ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ រួមទាំង វត្ថុតាងចាប់យក៖ ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូ ចំនួន ០២, សោរខ្សៀលេខ៨ ចំនួន ០២, បណ្ណសម្គាល់យានយន្ត  ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន០១),  វិទ្យុទាក់ ចំនួន ០១គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ។   

សមត្ថកិច្ច ប្រាប់បន្តថា  កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោដើម្បីថែរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ លុះធ្វើដំណើរទៅដល់ចំណុចផ្លូវចូល ក្រុមហ៊ុន ក្រឡុងស៊ីម៉ង់ត៍ ផ្លូវបេតុង ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យទាំង ២នាក់ កំពុងជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-0625  ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូ ចំនួន ២, សោរខ្សៀលេខ៨ ចំនួន ២ លាក់នៅក្រោមកែបម៉ូតូ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់  រួមនិងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។    

ប្រភពព័ត៌មានដដែលប្រាប់ទៀតថា បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត រួមមាន : បណ្ណសម្គាល់យានយន្ត ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលា ចំនួន  ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ម៉ាក Motorola GP300 ចំនួន ០១គ្រឿង , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ៕

0 Reviews:

Post a Comment