Thursday, June 3, 2021

បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ និង​ចែក​ចាយ​អាល់កុល ក្លែងក្លាយ​ធំបំផុត ចំនួន​៣​កន្លែង រឹបអូសបានប្រមាណ៧០ម៉ឺនតោន....


ភ្នំពេញ: សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ និង​ចែក​ចាយ​អាល់កុល ក្លែងក្លាយ​ធំបំផុត ចំនួន​៣​កន្លែង ស្ថិត​នៅ ភូមិ​ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង ! Join US:https://t.me/rdnhotnews

ប្រតិបត្តិការនេះ​ធ្វើឡើង​ដោយ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួង​មហាផ្ទៃ ដោយ​រឹបអូសអាល់កុលក្លែងក្លាយបានជាង ៧ម៉ឺនលីត្រ ប្រមាណ៧០ម៉ឺនតោន។

លោកនាយឧត្តមសេនីយ៍  មៀច  សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានឱ្យដឹងថា បច្ចុប្បន្នឃ្លាំងទាំងនោះ ត្រូវបាន​បិទជា​បណ្តោះអាសន្ន និងម្ចាស់ទីតាំង ព្រមទាំង​អ្នកពាក់ព័ន្ធផ្សេងទៀតត្រូវ​បានសមត្ថកិច្ចកំណត់​អត្តសញ្ញាណរួចអស់ហើយ និង​កំពុងតាមចាប់ផងដែរដើម្បីយក​មក​ផ្តន្ទាទោសទៅតាមច្បាប់។

ថ្លែង ក្នុងសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃទី០២មិថុនា នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់បន្ថែមថា ឃ្លាំងស្តុកទុក និងចែកចាយនូវអាល់កុលទាំងនេះ គឺជាឃ្លាំងធំបំផុត សម្រាប់​ចែកចាយ នៅទូទាំងប្រទេស ដោយសារទីតាំងមានទំហំដ៏ធំ និងមានស្តុកអាល់កុល​ច្រើនសន្ធឹក​សន្ធាប់ ដែលពុំធ្លាប់មាន កន្លងមក ខណៈអាល់កុលទាំងនេះក្លែងក្លាយគ្មានគុណប្រយោជន៍ខាង ផ្នែកវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគឡើយ ជាពិសេសមេរោគកូវីដ-១៩ និងពុំមានច្បាប់​អនុញ្ញាត​ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផងដែរ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​សហការ​ជាមួយអាជ្ញាធរពេលដែលដឹងថា មានឈ្មួញទុច្ចរិត  លួចផលិតនូវអាល់កុលក្លែងក្លាយ ឬផលិតផលក្លែងក្លាយដើម្បីចាត់ការវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា អាល់កុលក្លែងក្លាយ ប្រមាណជាង៧០តោននោះគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ(គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយ​មានការសម្របសម្រួល នីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ នឹងយក​ទៅ​បំផ្លិចបំផ្លាញចោលនាពេលខាងមុខនេះ៕

0 Reviews:

Post a Comment