Tuesday, June 1, 2021

អាសូរណាស់!!! ស្ត្រី​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​​បាន​​សម្រាលកូន​តែ​ម្នាក់ឯង នៅក្រោម​តង់​ជាប់ជញ្ជាំងផ្ទះទុកចោល​មួយកន្លែង.....


រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​​បាន​​សម្រាលកូន​តែ​ម្នាក់ឯងនៅក្រោម​តង់​ជាប់ជញ្ជាំងផ្ទះទុកចោល​មួយកន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទងទៅ​​ក្រុម​គ្រូពេទ្យ​ឱ្យចុះ​មក​ជួយ​សង្គ្រោះ ​កាលពី​វេលា​ម៉ោង៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុចជាប់ជញ្ជាំង​ផ្ទះទុកចោលមួយកន្លែង ​ខាង​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​តាម​ផ្លូវ​លេខ​80 កែង​ផ្លូវ​បេតុង ភូមិ២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ​។

ស្ត្រី​ដែល​សម្រាលកូន​ម្នាក់ឯង​​​ខាងលើ​ឈ្មោះ ចាន់ លី​នី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មុខរបរ​រើស​អេ​ត​ចាយ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើមក​ស្នាក់​នៅ​តំបន់​នោះ​យូរ​ឆ្នាំ​មក​ហើយ ដោយប្រកប​មុខរបរ​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត ​និង​មាន​ប្តី​​ដែរ​ ​ប៉ុន្តែ​ពេល​នាង​មាន​ផ្ទៃពោះ ប្តី​រូប​នោះ​ក៏​រត់​ចោល​នាង​បាត់ ដោយ​ទុក​អោយ​នាង​ពរ​ពោះ​​រស់នៅ​តែ​ម្នាក់ឯង​។ លុះដល់​ថ្ងៃ​សម្រាលកូន គឺ​នាង​សម្ងំ​បង្កើតកូន​តែ​ម្នាក់ឯង​នៅ​ក្រោម​តង់​ជាប់​ជញ្ជាំង​ផ្ទះ​ទុក​ចោល​មួយ​កន្លែង​ រហូត​បង្កើត​បាន​ទារក​ម្នាក់​ ជិត​មួយ​ម៉ោង​ក្រោយមក ទើប​​បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​នាំគ្នា​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យចុះ​មក​​ជួយ​រូប​នាង​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម មន្ត្រី​សាលាសង្កាត់​ស្រះ​ចក បាន​ចុះ​មក​ភ្លាម​ៗ​ផង​ដែរ និង​បាន​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ​ចុះ​មក​ជួយ​សង្គ្រោះ ដោយសារ​សម័យនេះ​ជំងឺ​កូ​វី​ដ​19កំពុង​​រាតត្បាត​​ ទើប​​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូលទៅ​​ក្បែរ​ស្ត្រី​​រើសអេតចាយ​ខាងលើ​នោះ​ទេ ។ ក្រោយមក​មាន​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ចតុមុខ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​មាន​ទាំង​គ្រូពេទ្យ​ផ្នែក​សម្ភព​មក​ជាមួយ​ផង​ដែរ​។ ជំហាន​ដំបូង ខាង​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​សំណាក​រក​ជំងឺកូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​អវិជ្ជមាន ។

បន្ទាប់​មក​ខាង​គ្រូ​ពេទ្យ​សម្ភព​ក៏​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​រើសអេតចាយ​ដែលសម្រាលកូន​តែម្នាក់ឯងនោះ​ ព្រោះ​​សម្រាល​កូន​ច្រើន​ម៉ោង ហើយ​មាន​ធ្លាក់ឈា.ម​ច្រើន ធ្វើ​ឱ្យ​សុខភាព​ម្តាយ និង​កូន ចុះ​ខ្សោយ ក៏​បាន​ទទួលយក​​នាង និង​កូនទៅ​សំរាក​មើលថែ នៅ​មន្ទីរពេទ្យ​បង្អែក​ចតុមុខ ដោយ​ពុំ​គិតថ្លៃ​សេវា​អ្វី​ទាំងអស់ ព្រមទាំង​ផ្តល់​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួនអោយនាង​​ថែម​ទៀត​ផង ៕

Picture
Picture
Picture
Picture
Picture
Picture

0 Reviews:

Post a Comment