Saturday, July 17, 2021

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសដក​តំណែង​រដ្ឋលេខាធិការ​មួយ​រូប ព្រោះ​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​សពលោក ហុង ថែម.....


រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ២០២១ បាន​ប្រកាស​ដក​តំណែង​លោក ឌុ​ច សុ​វ​ណ្ណា​រី រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្រោយ​ផ្ចាញ់ផ្ចាល​សព​លោក ហុង ថែម ។


សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរ​សារ​នៅ​លើហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​បាន​ចូលរួម​រំលែក​ទុក្ខ តាម​រយៈ​លោក​ជំទាវ ម៉ែ​ន សំ​អន ចំពោះ​មរណភាព​បង ហុង ថែម ដែល​ជា​មន្ត្រី​មួយ​រូប បាន​រួមចំណែក​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ នា​ឆ្នាំ​១៩៧៩ ។ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​សោះ​ថា ខ្ញុំ​មាន​មន្ត្រី​មួយ​រូប ថ្នាក់​រដ្ឋលេខាធិការ បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​ចំពោះ​សព សូ​ម្បី​តែ​លោក​ជំទាវ ម៉ែ​ន សំ​អន សុំ​អោយ​ដក​ចេញ ក៏​មិន​ព្រម​ដក​ដែរ ។ ខ្ញុំ​មិន​អាច​ទុក លោក ឌុ​ច សុ​វ​ណ្ណា​រី អោយ​នៅ​ជា​រដ្ឋលេខាធិការ​ក្រសួង បាន​តទៅ​ទៀត​ទេ គឺ​ត្រូវ​ដក​ចេញពី​តំណែង ព្រោះ​លោក​មិន​សាកស​ម ជា​មន្ត្រី​ដឹកនាំ​ទៀត​ ដោយ​ខ្វះ​គុណធម៌​» ។

សូម​ជម្រាប​ដែរ​ថា នៅ​លើ​គណនីហ្វេ​ស​ប៊ុ​ករប​ស់លោក ឌុ​ច សុ​វ​ណ្ណា​រី កាលពី​ម្សិលមិញ​បាន​បង្ហោះ​សារ​ថា «​ថ្ងៃនេះ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មនុស្ស​ម្នាក់ ដែល​តែងតែ​អគតិ​ចំពោះ​កូនចៅ ក៏​ដូច​ជា​រូប​ខ្ញុំ បាន​លាចាក​លោក​ទៅ​ហើយ ។ ដោយសារ​កូ​វី​ដ ខ្ញុំ​មិន​បាន​ចូលរួម​ជូន​ដំណើរ​ទេ ហើយ​ក៏​សូម​អហោ​សកម្ម​ជូន​គាត់ ហើយ​សូម​បួងសួង បើ​ជាតិ​ក្រោយ​គាត់​មានសំណាង បាន​កើតជា​មនុស្ស សូម​ឲ្យ​មានចិត្ត​ទូលាយ ដឹង​ខុស ដឹង​ត្រូវ​ជាង​នេះ កុំ​ត្រចៀកស្រាល ដូច​ជាតិ​នេះ​ទៀត​» ។

គួរ​រម្លឹក​ផង​ដែរ​ថា លោក ហុង ថែម ជាទីប្រឹក្សា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដែល​បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​១១ ថ្ងៃ​ទី​១៤ កក្កដា ២០២១ ក្នុង​ជន្មាយុ ៨៦​ឆ្នាំ ដោយ​ជរាពាធ ។ បុណ្យសព លោក ហុង ថែម ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ៕

Picture
Picture
Picture

0 Reviews:

Post a Comment