Monday, July 26, 2021

សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌចាប់ខ្លួន មន្ត្រីយោធាម្នាក់ដែលពាក់ព័ន្ធបទល្មើសឆបោកប្រាក់ប្រមាណ៩២មុឺនដុល្លារ.....

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ដែលពាក់ព័ន្ធ និងបទល្មើសឆបោកប្រាក់ប្រមាណ៩២មុឺនដុល្លារ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌចាប់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី ២៦កក្ដដា ឆ្នាំ២០២១នេះ នៅខណៈជនសង្ស័យដើរចេញពីសាលាដំបូងជាមួយមេធាវីរបស់គេ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាមូលដ្ឋានកេងកង មានលំនៅស្ថានក្នុងភូមិលេខ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីតុលាការបានអោយដឹងថា ការចាប់ខ្លួនឈ្មោះអេង អូន គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់តំណាងអយ្យការ លោក សុិត វណ្ណៈ ដែលបានចោទប្រកានឈ្មោះ អេង អូន ពីបទ« ឆបោក និងរំលោភលើទំនុកចិត្ត» ដែលមានទឹកប្រាក់សរុបប្រមាណ ៩២មុឺនដុល្លារ ដែលត្រូវប្ដឹងដោយពាណិជ្ជករម្នាក់។

តាមប្រភពព័តិមានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ឈ្មោះអេង អូន និងឈ្មោះ ហាស់ សុបិន្ត ជាអតីតអភិបាលរងខេត្តកំពត បានយករថយន្តលុចសុី៥៧០ មួយគ្រឿង ជាកម្មសិទ្ធរបស់រដ្ឋ ទៅក្លែងស្លាកលេខ ហើយយកមកបញ្ចាំឱ្យដើមបណ្ដឹងយកប្រាក់ទៅបាត់។

បន្ទាប់មកពួកគេបានឆបោកឱ្យជនរងគ្រោះទិញដី ជាច្រើនកន្លែង នៅខេត្តព្រះសីហនុ ដីនៅខេត្តកែប យកប្រាក់ម្ដង ៣០មុឺនដុល្លារ ម្ដង ២០មុឺនដុល្លារ និងដីនៅកន្លែងផ្សេងទៀត សរុបប្រាក់ប្រមាណ៩២មុឺនដុល្លារ ប៉ុន្តែ ឈ្មោះ អេង អូន មិនមានដីប្រគល់ឱ្យម្ចាស់ប្រាក់ទេ ហើយថែមទាំងប្ដឹងម្ចាស់ប្រាក់ទៀត ទើបជនរងគ្រោះទ្រាំលែងបានក៏ប្ដឹងមកសមត្ថកិច្ចនគរបាល និងតុលាការ រហូតដល់ឈានមកចាប់ខ្លួនទាំងថ្ងៃបែបនេះ ។ ប្រភពបន្តថា ជនជាប់ចោទនឹងត្រូវបញ្ជូនមកតុលាការវិញនារសៀលថ្ងៃនេះ។

0 Reviews:

Post a Comment