Thursday, July 8, 2021

លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ចុះទៅពិនិត្យ​ទីតាំង​ចាក់​វ៉ាក់​សាំង​ដូ​ស​ទី​២ ជូន​ប្រជាពលរដ្ឋ​...

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះទៅពិនិត្យ​ទីតាំង​ចាក់​វ៉ាក់​សាំង​ដូ​ស​ទី​២ ជូន​ប្រជាពលរដ្ឋ​នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ​សាគូ​រ៉ា ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះ សីហនុ។

ក្នុងឱកាស​នោះ​ដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​វ៉ាក់សាំង​មក​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ ទោះបី​យើង​មាន​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូ​វីដ​-១៩​ នៅ​ក្នុង​ខ្លួន​ក៏ដោយ យើង​ត្រូវតែ​អនុវត្ត​តាម​វិធានការណ៍​របស់​ក្រសួងសុខាភិបាល និង​តាម​ការណែនាំ​ ៣.​ការពារ និង ៣.​កុំ ឱ្យ​បាន​ជាប់​ជាប្រចាំ​ទាំងអស់​គ្នា​ទាំង​ពេលនេះ និង​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច​។

អភិបាលខេត្ត​ព្រះសីហនុ បាន​បន្ត​ថា ទោះបី​ខ្លួន​យើង​មាន​អង់ទីគ័រ​ការពារ​យ៉ាង​ណាក៏ដោយ ប៉ុន្តែ​យើង​ត្រូវតែ​ការពារ​កុំឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បន្តទៀត ព្រោះ​យើង​បានឃើញ​ហើយ​ថា រាល់ថ្ងៃនេះ​ទោះបី​ការចាក់​វ៉ាក់សាំង​ពីរដង​រួចហើយ ក៏​នៅតែមាន​ការឆ្លង​ជំងឺ​កូ​វីដ ប្រសិនបើ​យើង​មិនបាន​អនុវត្ត​វិធាន​សុខាភិបាល និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ក៏ប៉ុន្តែ​ការឆ្លង​វា​មាន​កម្រិត​តិច និង​ស្រាល​។ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ វា​ធ្វើឱ្យ​យើង​ខាត​ពេលវេលា​ទាំងអស់គ្នា ដូច្នេះ​ដើម្បី​កុំឱ្យ ខាត​ពេលវេលា យើង​ត្រូវអនុវត្ត​វិធានការ រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស លាង​ដៃ​ជាមួយ​សាប៊ូ អាល់កុល ជែ​ល ឱ្យបាន​ញឹកញាប់ និង​ប្រកាន់​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ដើម្បី​ជៀសផុត​ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព​ទាំងអស់គ្នា។

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក​អភិបាលខេត្ត​ព្រះសីហនុ និង​ក្រុមការងារ​ក៏បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កងទ័ព ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​អគារ​ស្នាក់នៅ​កងពលតូច​លេខ​៧០ មាន​ទីតាំង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ព្រមទាំង​បាន​ផ្ដាំ​ផ្ញើឱ្យ​បងប្អូន​ទាំងអស់​ឆាប់​ជាសះស្បើយ​ទាំងអស់គ្នា ត្រូវ​ខំ​ថែរក្សា​ខ្លួន ក្រ​កាន់​ភ្ជាប់​នូវ​វិធានការណ៍​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ព្រមទាំង​បាន​ឧបត្ថម្ភ ថ្នាំ​ចិន ១០០​ប្រអប់ ថ្នាំ​ឈឺ​បំពង​ក ២០​ប្រអប់ Vitamin C គ្រាប់ ១៦​ដប Vitamin C ដាក់​ទឹក​ពុះ ១៦​ប្រអប់ មី​កំប៉ុង ៦​កេស​ធំ ទឹក​សុទ្ធ ១០​កេស ម៉ាស ១៦​ប្រអប់ អាល់កុល ២​កាន អាល់​កុល​បាញ់​ដៃ ១៦​ដប ៕



0 Reviews:

Post a Comment