Saturday, July 24, 2021

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជំរិតជនជាតិចិន ខណៈជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួន និងរំដោះជនរងគ្រោះម្នាក់.....

ព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិនមួយក្រុម ដោយបានចាប់ជនជាតិចិនម្នាក់ ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូប៉ាវទូ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការគ្នាដេញតាមចាប់ប្រផាត់ប្រភីង រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិ០៤នាក់ និងរំដោះបានជនរងគ្រោះម្នាក់ជាជនជាតិចិន។
បើតាមលោកស្នងការ ជនរងគ្រោះឈ្មោះ ZHANG TAO អាយុ២៨ឆ្នាំ មុខរបរបើកកន្លែងផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដោយជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១. ឈ្មោះ LAI XING YONG អាយុ៣២ឆ្នាំ មុខរបរអ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
*ទី២. ឈ្មោះ JIA YONG SHENG អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៣. ឈ្មោះ HUANG YOU TAO អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
*ទី៤. ឈ្មោះ ZHANG KE WEI អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា វត្ថុតាងចាប់យកបាន៖ រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខភ្នំពេញ 2AZ-9381។ សម្រាប់ករណីកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមច្បាប់៕

0 Reviews:

Post a Comment