Monday, July 26, 2021

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែប្រវែងជាង១គី​ឡូ​ម៉ែត្រ ពីផ្លូវ២១៧ដល់ផ្លូវ២៧១...

ភ្នំពេញ៖​ កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ដល់ផ្លូវ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់ កាលពី២សប្តាហ៍មុននេះ។

ការដ្ឋាននេះបានបើកអោយដំណើរនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ ២០២១ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ។

មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឲ្យដឹងថា កំណាត់ផ្លូវនេះ ជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត។ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ មានគម្រោង​បើកកផ្លួវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងម្យ៉ាងទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។

កំណាត់ផ្លូវនេះមានប្រវែងជាង១០០០ម៉ែត្រ មានទទឹង ១២ម៉ែត្រ , ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ នោះគឺសង្កាត់ស្ទឹងមានជ័យទី២និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។

កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែកកំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ក្បាលដីស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរ ក្នុងការរុះរើចេញ កាលពីថ្ងៃទី​១២កក្កដា ឆ្នាំ២០២១កន្លងមកនេះ។

ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំ អោយក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាអោយកំណាត់ផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណភ្ជាប់នីមួយ​ៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់។

គួរបញ្ជាក់ផងដែរថា ក្នុងសកម្មភាពចុះបើកការដ្ឋានជាផ្លូវការនេះ លោកឃួង ស្រែង បានធ្វើដំណើរដោយថ្មើជើង ដើម្បីត្រួតពិនិត្យលើការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយចាប់ពីផ្លូវ២១៧ រហូតដល់ផ្លូវ២៧១៕

0 Reviews:

Post a Comment