Friday, July 23, 2021

បុរស​ម្នាក់​បើករថយន្តស៊េរី​ទំនើប​ម៉ាក​Range Rover ក្នុង​ល្បឿន​លឿន ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​ពេញទំហឹង​បណ្តាលឱ្យ រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ.....

ភ្នំពេញៈ បុរស​ម្នាក់​បើករថយន្តស៊េរី​ទំនើប​ម៉ាក​Range Rover ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​ពេញទំហឹង​បណ្តាលឱ្យ​ប្រេះ​បែក​និង​ធ្លាក់​គម្រប​ប្រអប់​ភ្លើង ឯ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០និង១០នាទី​យប់​ ថ្ងៃទី​២២ ខែកក្កដា ​ឆ្នាំ២០២១ នៅតាម​បណ្តោយ​ផ្លូវ៩២ កែង​នឹង​ផ្លូវ២០១១ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​រថយន្តសេរី​ទំនើប​ម៉ាក Range Rover ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ៩២​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​លុះ​ដល់ចំណុចកើតហេតុ រថយន្ត​មិនបាន​បត់​ឆ្វេង​ស្ដាំ​នោះទេ បាន​បោះពួយ​ទៅ​ត្រង់​ទៅបុក​ប​បង្គោល​ភ្លើង​ថ្ម នៅតាម​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បង្គោល​ភ្លើង​ប្រេះ​បែក​ និង​ធ្លាក់​គម្រប​ប្រអប់​ភ្លើង ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ។​ ភ្លាមនោះ​តៃកុង​ឃើញ​សភាព​មិន​ស្រួល​ក៏បើកទ្វារ​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ ​និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

0 Reviews:

Post a Comment