Saturday, August 14, 2021

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ធ្វើការផាកពិន័យម៉ូតូ ចំនួន២គ្រឿង អ្នកល្មើស៤នាក់ និងដកហូតម៉ូតូល្មើសបំរាមគោចរ ចំនួន៣គ្រឿង....

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌរបស់លោក បានសម្រេចធ្វើការផាកពិន័យម៉ូតូ ចំនួន២គ្រឿង អ្នកល្មើស៤នាក់ និងដកហូតម៉ូតូល្មើសបំរាមគោចរ ចំនួន៣គ្រឿង ដើម្បីយកមករក្សាទុកបណ្ដោះអាសន្ន។

ការបញ្ជាក់យ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលលោកដឹកនាំកម្លាំងបញ្ជាផ្ទាល់ ក្នុងការបន្តអនុវត្តសេចក្ដីសម្រេចលេខ ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាដាលឆ្លងជម្ងឺកូវីដ១៩ ពិសេស មេរោគបម្លែងថ្មី Delta ក្នុងភូមិសាស្ត្រខណ្ឌ នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

លោក ជា ពិសី បានឱ្យដឹងថា មុនឈានដល់ធ្វើការផាកពិន័យម៉ូតូ ចំនួន២គ្រឿង អ្នកល្មើស៤នាក់ និងដកហូតម៉ូតូល្មើសបំរាមគោចរ ចំនួន៣គ្រឿងផ្សេងទៀត មករក្សាទុកបណ្ដោះអាសន្ន គឺលោកបានបែងចែកកម្លាំងអនុវត្តបំរាមគោចរ តាមគោលដៅ២ធំៗ រួមមាន៖

១-ក្រុមទីមួយ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងក្រុមទី២ ដឹកនាំដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ។

លោកអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា ជាលទ្ធផលនៃការអនុវត្តបំរាមគោចរ ទាំង២គោលដៅ បានត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរឆ្លងកាត់ រួមមាន៖

ផាកពិន័យម៉ូតូ ចំនួន០២គ្រឿង ផាកពិន័យមនុស្សដែលល្មើសបំរាមគោចរ និងដឹកលើសចំនួនកំណត់ ចំនួន០៤នាក់ ហើយនិងបានដកហូតម៉ូតូ ចំនួន០៣គ្រឿង ផងដែរ មករក្សាទុកនៅសាលាខណ្ឌ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌឫស្សីកែវថា លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងឱ្យលោក បានបន្តដឹកនាំលោក-លោកស្រីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៧ ចុះល្បាតនៅតាមបណ្ដារមូលដ្ឋានរៀងៗខ្លួន ក្នុងការអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាដាលឆ្លងជម្ងឺកូវីដ១៩ ពិសេស មេរោគបម្លែងថ្មី Delta៕

0 Reviews:

Post a Comment