Wednesday, August 11, 2021

អាជ្ញាធខេត្តតាកែវ ចុះផ្អាកសកម្មភាពកាយរណ្ដៅដី៤កន្លែង នៅបឹងតាម៉ុក ក្រោយរកឃើញថាល្មើសនឹងអាជ្ញាប័ណ្ណ.....

(តាកែវ)៖ ទីតាំងកាយយកអាចម៍ដី៤កន្លែង ក្នុងចំណោម៥កន្លែងនៅម្ដុំផ្ទះតាម៉ុក ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ត្រូវបានលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យ និងបានបញ្ជាឱ្យផ្អាកសកម្មភាពមួយរយៈសិន បន្ទាប់ពីបានរកឃើញភាព មិនប្រក្រតីមួយចំនួន ទៅនឹងការកាយយកអាចម៍ដីនេះ។

លោក ខាន់ សុខា បានថ្លែងថា ទីតាំងកាយយកអាចម៍ដីចំនួន៤ក្រុមហ៊ុន បានល្មើសទៅនឹងអាជ្ញាប័ណ្ណសុំសិទ្ធិកាយយកអាចម៍ដីស្តារបឹង ដោយពួកគេកាយទំហំ និងមានជម្រៅជ្រៅជាងការអនុញ្ញាតដោយមន្ទីរជំនាញ។

លោកអភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្រោយការពិនិត្យលើទីតាំងរណ្ដៅដីចំនួន ៥ទីតាំង ដោយរកឃើញ៤ទីតាំងធ្វើខុសកិច្ចសន្យា លោកនឹងធ្វើកំណត់ហេតុជារបាយការណ៍ទៅលោកអភិបាលខេត្តតាកែវ ដើម្បីធ្វើការពិនិត្យថា នឹងដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចំនួន៤នេះចេញ ក្រោយរកឃើញថាល្មើសធ្ងន់ធ្ងរ ឬបន្តអាជ្ញាប័ណ្ណដោយគ្រាន់តែអប់រំណែនាំពួកគេ។

លោក ខាន់ សុខា បានបន្ថែមថា តាមរយៈការចុះមកពិនិត្យជាក់ស្ដែង គឺគួរតែដកអាជ្ញាប័ណ្ណក្រុមហ៊ុនកាយអាចម៍ដីទាំង៤ចោលតែម្តង ព្រោះការកាយយកអាចម៍ដីស្តារបឹង របស់ក្រុមហ៊ុនទាំងនោះ គឺមិនបានស្របទៅតាមលក្ខណៈបច្ចេកទេស ជាពិសេសមិនបានគោរពទៅតាមអ្វីដែលខ្លួនបានស្នើសុំមកអាជ្ញាធខេត្តនោះទេ។

គួបញ្ជាក់ថា បើតាមលួចបង្ហើបពីមន្រ្តីដែលបានចូលរួមចុះត្រួតពិនិត្យ គឺមានមន្រ្តីសាលាខេត្តតាកែវម្នាក់ ទទួលបន្ទុកហិរញ្ញវត្ថុ ជាអ្នករត់ការកាយយកអាចម៍ដីឱ្យក្រុមហ៊ុន ទាំងអស់នេះ។ មន្រ្តីនេះកន្លងមកមានរឿងអាស្រូវ ក្នុងការយកថវិការច្រកចេញតែមួយរបស់សាលាខេត្តទៅទិញដីទុកលក់ ដែលនាំឱ្យមានការប្ដឹងដល់អង្គភាពប្រឆាំង អំពើពុករលួយថែមទៀតផង។

ការរត់ការរបស់មន្រ្តីនេះ បាននាំឱ្យក្រុមហ៊ុនទាំងអស់នេះ មិនគោរពទៅតាមការណែនាំរបស់មន្ទីរជំនាញ ឬអាជ្ញាប័ណ្ណដែលសុំនោះទេ ដោយភាគច្រើនពួកគេ កាយយកអាចម៍ដីណា ដែលល្អៗសម្រាប់លក់ ហើយដីស្អុយគឺមិនកាយនោះទេ ដែលនាំឱ្យការកាយដីបឹង មើលទៅមានលក្ខណៈខុសបច្ចេកទេស កាយម្ដុំៗនឹងរថយន្តដឹកដីយកទៅលក់មិនមានការគ្រប់នោះទេ ដែលនាំឱ្យដីធ្លាក់រាយប៉ាយលើដងផ្លូវ ដែលនាំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋ៕

0 Reviews:

Post a Comment