Saturday, August 14, 2021

បិទផ្សារសិរីសោភ័ណ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដជាង២០នាក់.....

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពីអាជ្ញាធរយកសំណាកតាមរយៈតេស្តរហ័ស (Rapid Test) លើអាជីវករចំនួន៦០០នាក់ ដោយរកឃើញអាជីវករ ចំនួន២៤នាក់ ក្នុងនោះមានកូនក្មេងចំនួន២នាក់ វិជ្ជមានជំងឺកូវីដ១៩។

លោក អ៊ុ រាត្រី បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តបានសហការជាមួយក្រុមគ្រូពេទ្យបានយកសំណាកអាជីវករលក់ដូរក្នុងផ្សារសិរីសោភ័ណ ជាង៦០០នាក់ យកទៅធ្វើតេស្តរហ័ស រកឃើញអាជីវករកើតជំងឺកូវីដ១៩ មានចំនួន២៤នាក់ ធ្វើតេស្ត រហូតដល់ម៉ោងមួយកន្លះ ក្រុមគ្រូពេទ្យបានយកអ្នកវិជ្ជមានទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ ការធ្វើតេស្តចប់អាចនៅមានអ្នកកើតជំងឺកូវីដ១៩ នេះបន្តទៀត»

លោកបានបន្តថា «អ្នកមានវិជ្ជមានជំងឺកូវីដ១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារសិរីសោភ័ណ ជារៀងរាល់ថ្ងៃ ដូច្នេះ ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ១៩ កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គមរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះអាសន្ន នៅការលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារសិរីសោភ័ណ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ»

លោក អ៊ុ រាត្រី បានបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គឺតម្រូវឱ្យអាជីវករ និងអ្នកទិញទាំងអស់ ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល «៣កុំ និង៣ការពារ» និងផ្សារដែលមានលក្ខណៈស្តង់ដារសុវត្ថិភាព។ ជាគោលការណ៍ផ្សារសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ តម្រូវឱ្យគ្រប់ផ្សារត្រូវតែមានច្រកចូល និងចេញធំទូលាយមានម៉ាស៊ីនស្កេន, ម៉ាស៊ីនវាស់កម្ដៅ បាញ់អាល់កុលមុននឹងចូលផ្សាររកទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

គណៈកម្មការគ្រប់គ្រងផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញត្រូវតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លើកលែងតែពេលពិសាអាហារ។ បើសង្ស័យដែលមានការពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ៕










0 Reviews:

Post a Comment