Tuesday, September 14, 2021

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ សហការគ្នាពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថាន....

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំស្ដីអំពីលទ្ធផលសកម្មភាពការងារទូទៅ និងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមសហការគ្នាពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថាន ឱ្យស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត។

លោក នួន គង់សល់ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជារដ្ឋបាលខេត្ត តាមរយៈសេវាសាធារណៈ និងវិភាគទាន ទាយជ្ជទានបរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាសដែលស្ថិតក្នុងដែនសមត្ថកិច្ចថ្នាក់ រាជធានី-ខេត្ត ដែលមន្ទីរបរិស្ថានត្រូវទទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ ការចូលរួមពី ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេសពីការបង់សេវាសាធារណៈ និងទាយជ្ជទានបរិស្ថាន លើអាជីវកម្មរបស់ខ្លួនជាដើម។

ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ លោក អ៊ុន ចាន់ដា វិស័យបរិស្ថានបានចូលរួមយ៉ាងសកម្មលើវិស័យមុខងារ អនុវត្តក្នុងមូលដ្ឋានស្រុក ក្រុង បានយ៉ាងច្រើន។ ប៉ុន្តែមានចំនុចខ្វះខាតមួយចំនួន ដែលត្រូវស្នើសុំឱ្យមានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាលនិងក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បីឱ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងាររបស់ក្រសួងមកឱ្យរដ្ឋបាលក្រុង ស្រុកដើម្បីអនុវត្ត។

លោក អ៊ុន ចាន់ដា បានបន្តថា «ប៉ុន្តែការងារលើវិស័យបរិស្ថានកន្លងមកនេះ បានជួបប្រទះនូវបញ្ហាមួយចំនួន របស់រដ្ឋបាល ក្រុង ស្រុកខ្លះ មិនបានអនុវត្តឱ្យបានពេញលេញ ទៅតាមសេចក្តីប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដូច្នេះ ធ្វើឱ្យប៉ះពាល់ក្នុងការបាត់បង់ចំណូល សម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្ត។ដូច្នេះ សូមឲ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ត្រីបរិស្ថាន អនុវត្តឱ្យស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួង ក្នុងការប្រមូលចំណូល មិនមែនសារពើពន្ធនេះប្រកបដោយគុណភាព ដើម្បីយកមកធ្វើការអភិវឌ្ឍន៍នៅក្នុងខេត្ត»

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ចាយ សាមិត បានបន្តថា សម្រាប់ខេត្តកំពង់ចាម ការប្រមូលចំណូល គឺផ្ដោតទៅលើកិច្ចគាំពារបរិស្ថាន និងចំណូលទាជ្ជទានមានកម្រិត។ ដូច្នេះ ទាមទារឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ខិតខំបន្ថែមទៀតលើការសហការគ្នាឱ្យបានល្អ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព៕

0 Reviews:

Post a Comment