Tuesday, September 14, 2021

យុវជន២នាក់ ដែលជិះម៉ូតូមួយគ្រឿង បុករបងវត្តព្រែកប្រាស្លាប់ សាច់ញាតិមិនអស់ចិត្តសុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវស៊ើបអង្កេត ក្រោយឃើញសពកូន មានស្នាមកាប់....

រាជធានីភ្នំពេញ ៖ ក្រោយមានការស្លាប់របស់យុវជន២នាក់ ដែលជិះម៉ូតូម៉ាកអាយខុន មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AV -4271 ឌុបគ្នា ក្នុងល្បឿនលឿនខ្លាំង រួចហើយបានបុករបងវត្តព្រែកប្រាស្លាប់ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយពេលនោះមានម្នាក់ស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀត ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សាកសពយុវជនទាំង២ រួមមាន ទី១ ឈ្មោះ អ៊ុន ដាឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២ឈ្មោះ ឈាង មានហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្រោយពីស្លាប់ សពក៏ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង ដោយសន្និដ្ឋានជំហានដំបូងកាលពីយប់នោះថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿន មកបុករបងវត្តស្លាប់ រួចក៏ដឹកយកមកតម្កល់នៅវត្តច្បារអំពៅ ។

ស្រាប់តែព្រឹក ថ្ងៃទី១៣ ខែកញ្ញា ដដែល ក្រុមគ្រួសារសាច់ញាតិ ឪពុកម្តាយ បងប្អូន យុវជនទាំង២នាក់ បានមកដល់ធ្វើការពិនិត្យសាកសពកូន បែរជាឃើញស្នាមកាប់ចំលើក្បាល ចំក និងដាច់ស្លឹកត្រចៀកទៅវិញ ដោយពួកគាត់សុំឲ្យសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវស៊ើបអង្កេតឡើងវិញជូនគាត់ផង ដើម្បីរកភាពយុត្តិធម៌ជូនកូនរបស់គាត់ ទាំងដែលពួកគាត់ជាសាច់ញាតិ លើកឡើងថា កូនរបស់គាត់មិនមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ តែអាចត្រូវគេក្រុមក្មេងស្ទាវផ្សេងទៀតដេញកាប់មុននឹងស្លាប់ ។

បើតាមសម្តីរបស់ឪពុក ម្តាយ និងបងស្រីៗរបស់សពឈ្មោះ ឈាង មានហេង បានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់បានសុំលុយគាត់២០០០០រៀល ទៅកាត់សក់ តែមិនទៅកាត់សក់ បែរជាទៅលេងបាល់ជាមួយពួកម៉ាក ចាញ់អស់ដល់៦០០,០០០ (៦០ម៉ឺនរៀល ) គេក៏យកទូរស័ព្ទទៅបញ្ចាំ ហើយយកលុយសងគេ ស្រាប់តែមានរឿងដេញវាយគ្នា រហូតកូនគាត់បែកក្បាល ហើយគេក៏ទៅសុំប្រេងកូឡាអ្នកនៅទីនោះលាប រួចឲ្យពួកម៉ាកជូនមកផ្ទះវិញ ស្រាប់តែបែរជាកើតរឿងបែបនេះទៅវិញ ដូច្នេះគាត់គិតថា កូនគាត់ត្រូវគេដេញវាយនិងកាប់ និងទៅបុករបងវត្តស្លាប់ បែបនេះ ដោយសារតែកន្លងមក កូនគាត់គ្មានរឿងជាមួយអ្នកណាផ្សេង ក្រៅពីរឿងថ្ងៃនោះទេ។

លោក គាន់ ឌីណា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានប្រាប់ឲដឹងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ថា ក្រោយទទួលការស្នើរសុំឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវពីសំណាក់គ្រួសារសពភ្លាម សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏បានចុះមកដល់ទីតាំងតម្កល់សព នៅវត្តច្បារអំពៅនេះផងដែរ និងកំពុងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ចំពោះករណីខាងលើនេះ ថាតើជាករណីអ្វីឲ្យប្រាកដ និងជម្រាបជូនពេលក្រោយបន្តទៀត ព្រោះពេលនេះសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត ៕

0 Reviews:

Post a Comment