Wednesday, December 18, 2019

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់...

ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិ​បា​ល នៃសាកលវិទ្យាល័យវេស្ទើន បានប្រាប់ឲដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេ​ង​សម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។
លោកប្រធានក្រុមប្រឹក្សាភិបាលបានអះអាងថា វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រគឺ ជាបំណងប្រា​​​ថ្នាមួយរបស់និស្សិតមកពីសាកលវិទ្យាល័យរបស់លោក។
សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរ​ដ្ឋា​ភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញា​ប​ត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយ គុណភាពខ្ពស់។
លោក តែ ឡូរិន បានគូសបញ្ជាក់ថា ដោយឈរលើមូលដ្ឋានគុណភាពជាចម្បង សាកលវិទ្យាល័យបានខិតខំកែលម្អ និង អភិ​វ​ឌ្ឍ​កម្មវិធីសិក្សាជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និង ការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជានោះ សាកលវិទ្យាល័យ បានធ្វើកិ​ច្ច​សហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនានា នៅ បរទេស រួមមាន សាកលវិទ្យាល័យកាសេមបណ្ឌិត សាកលវិទ្យាល័យ Assumption សាកលវិទ្យាល័យ Chiang Mai សាកលវិទ្យាល័យ Thamasat សាកលវិទ្យាល័យ Kasem Bundit ( ​Thailand ), សាកលវិទ្យាល័យ Yeung Nam ( South Korea ), និង សាកលវិទ្យាល័យ Nangyang Institute o​f Management ( Singapore ) សម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ កម្មវិធីអន្តរជាតិ សិក្សាជាភាសា​អង់គ្លេស​។
សាកលវិទ្យាល័យ ក៏បានអនុវត្តនូវគោលការណ៍ប្រឡងប្រណាំង ក្នុងការសិក្សា ដើម្បីជ្រើសរើសនិស្សិតពូកែប្រចាំឆ្នាំ ក្នុងនោះ និ​ស្សិតទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ត្រូវទទួលបានប័ណ្ណសរសើរ និងអាហារូបករណ៍បន្ថែមក្នុងឆ្នាំសិក្សាបន្ទាប់ និង បានអនុវត្តនូវគោលការណ៍ «សិស្សរៀនកាន់តែពូកែបង់ប្រាក់កាន់តែតិច»។
បើតាមលោក តែ ឡូរិន ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ ក៏បានផ្តល់បទពិសោធន៍ ដល់និស្សិតកំពុងសិក្សា តាមរយៈការអ​ញ្ជើ​​​ញវាគ្មិនពីស្ថាប័នរដ្ឋ និង ឯកជនមកធ្វើបទឧទ្ទេសនាម ដើម្បីផ្សារភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ក្នុងឆ្នាំ២​០​១​៩-២០២០នេះ មាននិស្សិតកំពុងសិក្សាចំនួន ៥,៥១៧នាក់ (នារី ២,២៥១នាក់) ហើយគិតចាប់ពីឆ្នាំសិក្សា២០០​៣​-២​០​​០​៤ ដល់ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ចំនួន ១៣,៥០៨នាក់ ( នារី ៦,៥៤៣​នា​ក់​ )។
សូមបញ្ជាក់ថា សាកលវិទ្យាល័យវេស្ទើន មានគ្រឹះស្ថានអប់រំមួយផ្សេងទៀត ជាឧបសម្ព័ន្ធរបស់ខ្លួនគឺ សាលាវេស្ទើនអន្តរជាតិ ដែ​លបាននិងកំពុងបណ្តុះបណ្តាលសិស្ស ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ មានចំនួន ១៦ទីតាំង ក្នុងនោះ ១៤ទី​តាំ​ង នៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ ១ទីតាំង និងក្រុងតាខ្មៅ ១ទីតាំង សិក្សាជាភាសាខ្មែរ និងអង់គ្លេស ស្របតាមស្តងដា​រ​ជាតិ អន្តរជាតិ ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា៕














0 Reviews:

Post a Comment