Friday, December 13, 2019

ឆែកប្ដេជ្ញាបន្ដជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា នឹងចុះអនុវត្ដគម្រោងសាងសង់មន្ទីរពេទ្យ នៅខេត្ដកំពង់ធំ នាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោក Helmut Dietrich នាយក Vamed Group នៃសាធារណរដ្ឋឆែក បានប្ដេជ្ញាបន្ដជួយអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ជាពិសេសការអនុវត្ដន៍គម្រោងសាងសង់ មន្ទីរពេទ្យខេត្ដកំពង់ធំ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ច របស់លោកនាយក និងអរគុណចំពោះការជួយឧបត្ថម្ភគាំទ្រ របស់សាធារណរដ្ឋឆែក នាពេលកន្លងមក ជាពិសេសគឺការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរ (កម្ពុជា-ឆែក) លើវិស័យសុខាភិបាល ក្នុងកំឡុងទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋឆែក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានស្នើដល់លោក Helmut Dietrich នាយក Vamed Group នៃសាធារណរដ្ឋឆែកថា ពេលអនុវត្ដន៍សិក្សាគម្រោងជួយការសាងសង់មន្ទីរពេទ្យនៅខេត្ដកំពង់ធំនាពេលខាងមុខនេះ ស្នើសុំឱ្យមានទំហំធំ ដែលអាចដាក់អ្នកជំងឺ រហូតដល់ទៅ៥០០គ្រែ ដើម្បីបង្កើនក្នុងការលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋមួយចំណែកទៀត។
ជាការឆ្លើយតប លោកនាយក Vamed Group បានថ្លែងថា លោកនឹងសិក្សាទៅលើគម្រោងនេះ ហើយលោកសង្ឃឹមថា គម្រោងសាងសង់មន្ទីរពេទ្យមួយនេះ នឹងជួយលើកកម្ពស់វិស័យសុខាភិបាលបន្ថែមទៀត ជាពិសេសសុខភាពរបស់ប្រជាជនតែម្ដង។ ហើយសម្រាប់គម្រោងនេះ ពេលក្រុមការងារជំនាញរបស់លោក បានព្រាងគំនូរប្លង់មនី្ទរពេទ្យ និងគោរពស្នើសុំការគាំទ្រពីរដ្ឋមន្ត្រី ម៉ម ប៊ុនហេង។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ ចំពោះការគាំទ្រចំពោះកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរ លើវិស័យសុខាភិបាល ជាពិសេសគឺការអនុវត្តគម្រោងសាងសង់មនី្ទរពេទ្យ ខេត្តកំពង់ធំ ក្នុងទម្រង់ភាពជាដៃគូសហប្រតិបតិ្តការរវាងរដ្ឋ និងឯកជន តាមរយៈការផ្តល់ឥណទានហិរញ្ញវត្ថុ របស់សាធារណរដ្ឋឆែក។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា កិច្ចសហប្រតិបត្ដិការមួយនេះ ជាកិច្ចសហការដ៏ទូលំទូលាយថ្មីមួយទៀត ក្នុងការរឹតចំណងមិត្ដភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់អឺរ៉ុប៕

0 Reviews:

Post a Comment