Saturday, December 28, 2019

រដ្ឋបាល​រាជធានី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២កន្លែង ​ដោយ​គ្រោង​ហើយ​រួចរាល់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ខាងមុខ...

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក  ដោយគ្រោងស្ថាបនាឲ្យហើយរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ដើ​ម្បី​ជួយសម្រួលដល់​ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ក្នុងការឆ្លងកាត់ផ្លូវ​ប្រកបដោយសុវត្ថិភាព​មិនប្រ​ឈ​ម​គ្រោះថ្នាក់ណាមួយកើតឡើង ខណៈដែរតំបន់ទំាង២នេះ​មានការលំបាកក្នុងការធ្វើដំណើរ ថ្មើរជើងកាត់ផ្លូ​វ ដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹកខ្លះ។
លោកអភិបាលបានជំរុញឲ្យក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទាំង២នេះឲ្យរួចរាល់ទាន់តាមផែនការក្នុងរយៈពេល៦ខែ ទៀត។ តាមលក្ខណៈបច្ចេកទេស​គម្រោងស្ថាបនាស្ពាន​អាកាសថ្មើរជើងនៅតំប​ន់​មុខផ្សារដើមគរ គឺឆ្លងកាត់លើមហាវិថីគីមអ៊ីសុង ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងសន្ធរម៉ុកវិ​ញ គឺស្ថិតនៅ​លើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។
គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកទំាង២កន្លែងនេះ គឺស្ថាបនាដោយក្រុមហ៊ុនស្ពេក មេឌៀ ដោយគ្រោង​អនុវត្តន៍សាងសង់ រហូតដល់រយៈពេល៦ខែ ពោលនឹ​ង​រួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា មកដល់ពេលនេះ​រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១​កន្លែ​ង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕













0 Reviews:

Post a Comment