Monday, December 30, 2019

ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ទីម័រ៖ ការអភិវឌ្ឍនៅកម្ពុជា អាចយកធ្វើជាបទពិសោធន៍ និងរៀនសូត្រតាម....

(ភ្នំពេញ)៖ លោកស្រី ហ្វេលីស៊ីដាដេ ដេស៊ូសា ហ្គូទែររេស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតប្រទេស​ទី​ម័រខាងកើត ចប់អាណត្តិការងារ នៅក្នុងប្រទេសកម្ពុជា បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការរីក​ច​ម្រើ​ន និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ លោកស្រី បានថ្លែងថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា អាចជាមេរៀនមួ​យ​សម្រាប់រៀនសូត្រតាម និងយកធ្វើជាបទពិសោធន៍ផងដែរ។
ការគូសបញ្ជាក់របស់លោកស្រី វេលីស៊ីដាដេ ដេស៊ូសា ហ្គូទែររេស បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយ​ក​​រដ្ឋមន្ត្រីកម្ពុជា ក្នុងពេលលោកស្រីអញ្ជើញជម្រាបលាសម្តេចតេជោនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព​។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋ​ទូតចប់អាណត្តិរូបនេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំនៃការងារក្នុងប្រទេសកម្ពុជា បានធ្វើឱ្យបេះដូងរបស់លោកស្រី ស្ថិ​​តនៅជាមួយកម្ពុជា។ លោកស្រី ក៏បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងផងដែរ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចរប​ស់​កម្ពុជាក្នុងរយៈពេល៤ឆ្នាំ នៃការបំពេញការងាររបស់លោកស្រីនៅកម្ពុជា។
លោកស្រី បានថ្លែងគូសបញ្ជាក់ទៀតថា រយៈពេល៤ឆ្នាំនេះ លោកស្រីបានឃើញនូវសុខសន្តិភាព ស្ថេរភាព ដែលសុខសន្តិ​ភា​ព និងស្ថិរភាពនេះហើយ ដែលបានជំរុញនូវការអភិវឌ្ឍរបស់កម្ពុជាយ៉ាងឆាប់រហ័ស។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋកម្ពុជា។ លោកស្រីថា ប្រជាពលរដ្ឋកម្ពុជា មានភាពរី​ករាយស្រស់ស្រាយ ហើយភាពស្រស់ស្រាយរបស់ប្រជាជន ជាមួយសុខសន្តិភាព សុវត្ថិភាពនេះ ជាកត្តាទាក់ទាញជាទីបំផុត សម្រាប់អ្នកទេសចរមកទស្សនា និងវិនិយោគកម្ពុជា។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកស្រី ក៏បានសំដែងភាពរីករាយ ដែលបានក្លាយជាអ្នកការទូតរបស់ទីម័រលើកទី​១ មកកាន់កម្ពុជា។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់អាហារូបករណ៍ ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជា ហើយសិស្សទាំងនោះ កំពុងតែបន្តការសិក្សានៅកម្ពុ​ជា​ផងដែរ។
សម្តេចបានមានប្រសាសន៍ថា កម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូច្នេះចាំបាច់ត្រូវការចែក​រំ​លែ​​កបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទីម័រខាងកើ​ត ហើយទីម័រខាងកើត ក៏មានបទពិសោធន៍ សម្រាប់ចែកជូនដល់កម្ពុជាផងដែរ។
«អ្វីដែលជាកត្តាសំខាន់នោះ គឺយើងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករៀនពីគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដើម្បីទទួលនូវផលប្រយោជន៍រួមផងទាំងសងខាងផង»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាន ដោយលោក អ៊ាង សុផ​ល្លែ​ត​។
ក្នុងជំនួបនោះសម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា សម្ដេច ពិតជាមានការរីករាយណាស់ ដែលសិស្សរបស់ទីម័រខាងកើត បានមកសិក្សានៅកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាចង់ឱ្យមានសិស្សបរទេសច្រើន មកសិក្សានៅកម្ពុ​ជា ដើម្បីចែករំលែកនូវចំណេះដឹង រវាងនិស្សិតនិងនិស្សិត និងដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដ​ទៃ​ទៀតផង។
ក្រោយពីជំនួបសំណេះសំណាលហើយនោះ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយស ដែ​ល​ជាការប្រោសប្រទានរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនលោកស្រីផ​ង​ដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនលោកស្រី ចំពោះការទទួលគ្រឿងឥស្សរិយយសនេះ៕






0 Reviews:

Post a Comment