Saturday, December 28, 2019

តារាកំប្លែងជើងចាស់ លោកតាស្មាញ ត្រូវរថយន្តកិនផ្តាច់ជីវិតលើផ្លូវ៦០ម៉ែត្រ


ភ្នំពេញ​៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​មួយបានកើតឡើង ដោយតារាកំប្លែងជើងចាស់ នាយស្មាញ ដែលជាតារាកំប្លែងមួយរូប ដែលចូលប្រលូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ និងទទួលបានប្រជា​ប្រិ​យ​ភាពខ្លាំង រហូតមកទល់បច្ចុប្បន្ន ពេលនេះ បានទទួលមរណភាពហើយ ដោយសារជួបគ្រោះថ្នាក់ច​រាចរណ៍ ត្រូវរថយន្តធុនធំ បុកនិងកិនពីក្រោយ ខណៈដែលអ្នករួមដំណើរជាមួយម្នាក់ទៀត រងរបួសធ្ង​ន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាព​ល​រដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ នៅ​លើ​ផ្លូវ៦០ម៉ែត្រ​កែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេ​ញ​។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរស្នា​ក់នៅភូមិស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន) ក្នុងទិសដៅពីត្បូងទៅជើង បា​​នបត់ស្តាំ ក៏បានបុកជាមួយម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1D-6970 បើកបរដោយឈ្មោះ សួន សុខហ៊ីម ហៅ (ស្មាញ តារាកំប្លែងស្មាញ) ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូ​រ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀត មិ​ន​ស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា ។ ចំណែកម៉ូតូត្រូវបានរថយន្តកិនជាប់ខាងក្រោម និ​ងអ្នកបើកបររថយន្តបង្ក ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់​ស​ពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕









0 Reviews:

Post a Comment