Saturday, December 21, 2019

Update: ស្ដ្រីម្ចាស់ហាងនៅក្រុងបាវិត ដែលកូនប្រុសអធិការក្រុងបាញ់ប្រហារ ពេលនេះបានស្លាប់នៅមន្ទីរពេទ្យវៀតណាម...

តាមការបញ្ជាក់បានឲ្យដឹងថា នៅពេលនេះសពកំពុង ត្រូវបានសាច់ញាតិ បញ្ជូនត្រឡប់មក ស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុ​ណ្យ​​តាមប្រពៃណី។
គួរជម្រាបថា អធិការរងនគរបាលក្រុងបាវិត ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលបាញ់ប្រហារ ស្រ្តីម្ចាស់ហាង «តន្រ្តីសំ​ណាងដាណេ» បណ្តាលឲ្យរបួសធ្ងន់ចំក្បាល នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ។
អធិការរង ក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជា កូនប្រុសបង្កើត អធិការនគរបាល ក្រុងបាវិត លោក កែវ គង់ កា​ល​ពីយប់មិញ បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់​ហា​ង ។ ករណីនេះ បានកើតឡើងនៅ ក្នុង ហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វា​យរៀង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែល នាំឲ្យមាន ការបាញ់ប្រហារនេះ ដោយសារ ជនដៃដល់ ខឹង​ម្ចាស់​ហា​ង​យកម្ហូប មកយឺតពេក។ លោកស្នងការថាជនសង្ស័យនឹង បញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះ​​នាំ​ឲ្យប៉ះពាល់ដល់អង្គភាព និងនគរបាលជាតិ។
ក្រោយការបាញ់ប្រហារ ជនដៃដល់ កែវ ចិត្រា ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅ កាន់ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ។ ស្ត្រីរងគ្រោះ មានឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេ​​ត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។
អធិការរងនគរបាលរូបនេះ ត្រូវបានគេរាយការណ៍ថា ទើបតែត្រូវបានប្រកាសឲ្យ ចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួន លួចបង្ហើបថា ម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ។
ជនសង្ស័យឈ្មោះ គង់ ចិត្រា ដែលមានតួនាទីជា អធិការរង ក្រុងបាវិត ទទួលផែនគ្រឿងញៀន ជាអតីតជា នគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំងជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ។
ជនសង្ស័យនេះ ត្រូវបានអ្នកក្រុងបាវិត មួយចំនួន ស្គាល់ថា ជាមនុស្សមានចរឹកមិនល្អ និងធ្លាប់ជាក្មេងទំនើង ស្រាប់តែមានសំ​ណាងបានធ្វើជា អធិការរងនគរបាលក្រុង ក្រោមការជួយជ្រោមជ្រែងពីឪពុក របស់ខ្លួន។
បើតាមបុគ្គលិកបម្រើការងារហាង តន្ត្រីសំណាងដាណេ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុង​ហាងនៅកញ្ចុះលេខ ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួបស្រាប់ តែបុរសនោះបានដក កាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតក បានដើរចេញពីហាងគេចខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក៕















0 Reviews:

Post a Comment