Thursday, January 16, 2020

បុរសម្នាក់បើកម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលកណ្តាលផ្លូវត្រូវរថយន្តកិនស្លាប់ នៅខណ្ឌដង្កោ....

(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់គួរឲ្យអាណោចអធ័មនៅកណ្តាលផ្លូវ ខណៈជិះម៉ូតូដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ហើយត្រូវ​រថយន្តមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលកិនបែកក្បាលស្លាប់ភ្លាមៗ នៅវេលាម៉ោង១២ថ្ងៃត្រង់ទី១៦ ខែមករា ឆ្នាំ២០​២​០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលត្រូវរថយន្តកិនស្លាប់មានឈ្មោះ ចាន់ វិចិត្រ អាយុ៣៩ឆ្នាំ មុខរបរលក់ជ្រក់ស្ពៃ ស្នាក់នៅភូ​មិ​ព្រែកស្ទង ឃុំរព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកអ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា ដំបូងបុរសរងគ្រោះបានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ធ្វើដំណើរចេញពីផ្លូវបេតុង ឆ្ពោះមកផ្លូវជាតិលេខ៣ ខណៈមកដល់ផ្លូវជាតិក៏បានទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឱ្យដួលខ្ទា​ត​ទៅលើកផ្លូវ ស្របពេលមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ ពាក់ស្លាកលេខ កំពង់ធំ 3A-1033 កំពុងធ្វើដំណើរតាមប​ណ្តោ​​យផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជាន់ហ្វ្រាំង មិនទាន់ក៏ជ្រុលកិនចំក្បាលបុរសរងគ្រោះ បណ្តា​ល​​ឱ្យធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌។
បន្ទាប់ពីកើតហេតុរថយន្តបង្កបានព្យាយាមបើកគេច បានប្រហែល៣០០ម៉ែត្រ ទើបតៃកុងរថយន្ត ចុះពីលើរថយន្តរត់គេចខ្លួនបាត់ទុករថយន្តចោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្ក និងម៉ូតូយកទៅរ​ក្សា​ទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ។

ចំណែកសពត្រូវបានប្រគល់ ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕



0 Reviews:

Post a Comment