Friday, January 17, 2020

ជនដៃដល់ជាមន្ត្រីយោធាពាក់ស័ក្តិ៤ បាញ់សម្លាប់គូដណ្តឹងជានិស្សិតពេទ្យ ដែលត្រៀមរៀបការនៅខែមីនា ឆ្នាំ២០២០ ព្រោះភ្លើងប្រចណ្ឌ.....

ភ្នំពេញ)៖ ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងនៅយប់ ថ្ងៃទី១៦ខែ​មករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធា​នី​ភ្នំពេញ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម Facebook។
រហូតមកដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារ​ស្ដ្រី​​រងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុន ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ខាងមុខនេះ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់​ដេ​ត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។ ប៉ុន្ដែប្រ​ភ​ព​ព័ត៌មានខ្លះទៀតថា ជនដៃដល់មិនបានបាញ់ជនរងគ្រោះនោះទេ ពោលមុនពេលកើតហេតុ ពួកគេប្រលែងគ្នាលេងហើយក៏​រា​កៃ​កាំភ្លើង។
បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែ​ក​ឡា​បូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មន្ដ្រីនគរបាលបានបន្ថែមទៀតថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋមូលដ្ឋាន នៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោ​ឡោ ហើយគេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាគូដណ្ដឹងរបស់ជនរងគ្រោះ បានបីនាងចេញមកក្រៅផ្ទះ ដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ តែមុននេះគេលឺសំឡេងផ្ទុះអាវុធមួយគ្រាប់។
ភ្លាមៗនោះអ្នកជិតខាងបានជួយដឹកនារីរងគ្រោះ ជាមួយបុរសខាងលើយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួស ត្រូវគ្រាប់កាំ​ភ្លើ​ង​នៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាគូបណ្ដឹង ក៏បានរត់គេចខ្លួនបាត់។
យ៉ាងណាក៏ដោយ ជុំវិញករណីឃាតកម្មមួយនេះ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅចាប់ខ្លួនជនបង្កឲ្យមកទទួលទោសតាមផ្លូវច្បាប់៕











0 Reviews:

Post a Comment