Thursday, January 2, 2020

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់....

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីម្ចាស់ក្រុម ហ៊ុនដឹកជញ្ជូន អ្នករត់តាក់ស៊ី សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេ សបងប្អូនប្រជាពលរដ្ឋដែល កំពុងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុឱ្យបានជ្រាបថា៖ ចាប់ថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំង កង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដោយក្បួនប្រណាំងត្រូវចេញដំណើរពីខេត្តកោះកុង និងបញ្ចប់ការប្រណាំងនៅខេត្តកែប។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ក្បួនប្រណាំងត្រូវឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្នល់បំបែក ស្រែអំបិល ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ដល់រង្វង់មូលវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ និងកំណាត់ផ្លូវជាតិ លេខ៣ (វាលរេញ-ទឹកថ្លា-ត្រពាំងរពៅ) ក្នុងរង្វង់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ដល់ម៉ោង ១៤:០០ នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ តាមកម្មវិធីដូចខាងក្រោម៖ -ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្បួនប្រណាំងកង់មកដល់ផ្លូវបំបែកស្រែអំបិល ឃុំចម្ការហ្លួង រួចបត់ស្តាំ តាមផ្លូវជាតិលេខ៤ សំដៅមករង្វង់មូលវាលរេញ ស្រុកព្រៃនប់។ -ម៉ោង ១៣:០០ នាទីរសៀល ក្បួនប្រណាំងកង់មកដល់រង្វង់មូលវាលរេញ ស្រុកព្រៃនប់ រួចបត់ឆ្វេង តាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត។ ដើម្បីឱ្យព្រឹត្តិការណ៍ប្រណាំងកង់ជាលក្ខណៈអន្តរជាតិនេះ ប្រព្រឹត្តទៅដោយសុវត្ថិភាព ទទួលបានជោគជ័យ រដ្ឋបាលខេត្តព្រះសីហនុ សូមផ្អាកការធ្វើចរាចរយានយន្តគ្រប់ប្រភេទឆ្លងកាត់តាមផ្លូវជាតិទាំងពីរតាមពេលវេលា កំណត់ដូចខាងលើ។ ទទួលបានសេចក្ដីជូនដំណឹងនេះស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ស្រុកកំពង់សីលា រដ្ឋបាលស្រុកព្រៃនប់ និងអង្គភាពពាក់ព័ន្ធត្រូវផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះឱ្យបានទូលំទូលាយ និងចាត់តាំងកម្លាំងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

0 Reviews:

Post a Comment