Friday, January 31, 2020

កម្លាំងនគរបាលតាមបង្ក្រាបជនជាតិចិន ២នាក់ ត្រៀមចេញប្លន់ និងចាប់ជំរិតនៅក្រុងព្រះសីហនុ....

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបជនជាតិចិន ២នាក់ ប៉ុនប៉ងចេញប្លន់ប្រដាប់អាវុធ និងចាប់ជំរិតកាលពីយប់ទៀបភ្លឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ខណៈកម្លាំងនគរបាល ព្រហ្មទណ្ឌកំពុងល្បាតនៅចំណុចអូរ៥ ភូមិ៥ សង្កា​ត់​៤ ក្រុងព្រះសីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យជិះរថយន្ត ១គ្រឿង ម៉ាក HighLa​nd​e​r ពណ៌សំបកឪឡឹកពាក់ស្លាកលេខខាងមុខព្រៃវែង 2A-0718 ចំណែកខាងក្រោយគ្មានស្លាកលេខ ពេលកម្លាំងសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន។
បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានប្រដេញតាមចាប់រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ទើបស្ទាក់ឃាត់បានក្នុងនោះភ្លាមៗ មានជនជាតិចិនចំនួន ៣នាក់ បានបើកទ្វាររថយន្តរត់គេចខ្លួន ហើយសមត្ថកិច្ចបានស្ទាក់ឃា​ត់​ខ្លួនបាន ២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
បើតាមសមត្ថកិច្ច នៅក្នុងរថយន្តឃើញមានស្លាកលេខចំនួន ២សន្លឹក ភ្នំពេញ 2A-6150, ដំបងឆក់ ១ដើម, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ខ្នោះដៃចំនួន ៤គូរ, កូនសោខ្នោះចំនួន ៤ និងកាំភ្លើង ១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារផ្សេងៗមួយចំនួនទៀ​ត​។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១ ៖ ឈ្មោះ CHEN PAN YU អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី២ ៖ ឈ្មោះ ZHANG CHONG HUI អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្ននេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសា​លា​ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញរបស់យើងកំពុងធ្វើការស្វែ​ង​រកចាប់ខ្លួន។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋ ជួ​យ​ផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍ របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដែលមានលេខៈ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាយណាដែលមិនប្រក្រតី ដូចជា រថយន្តគ្មានផ្លាកលេខ, មានស្នាមដោះស្លាកលេខ, ផ្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ, ផ្លាកលេខមានតែខាងក្រោយ អត់មានខាងមុខ, ផ្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា, រថយន្តដែលយកថង់ស្កុត ក្រណាត់ បិទបាំងផ្លាកលេខ ឬផ្លាកលេខ​បិ​ទ​ស្កុ​តជាដើម៕



0 Reviews:

Post a Comment