Saturday, January 25, 2020

បង្ក្រាបករណីចាប់ជំរិតជនជាតិវៀតណាម នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ចាប់ខ្លួនជនល្មើស៣នាក់ និងរំដោះជនរងគ្រោះម្នាក់....

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ជំរិត និងគំរាមទារប្រាក់ ដែលប្រព្រឹត្តដោយជនជាតិវៀតណាម ទៅលើជនជាតិវៀតណាម នៅសង្កាត់ព្រលឹ​ត ខណ្ឌ៧មករា ដោយចាប់ខ្លួនបានជនល្មើស៣នាក់ និងរំដោះជនរងគ្រោះម្នាក់។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នេះ​ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោ​​កឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រ​ធា​​ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានរាយការ​ណ៍​ថា មានករណីចាប់បង្ខាំងមនុស្សគំរាមទារប្រាក់ ចំនួន៣០០លានដុង ជាថ្នូរនឹងការដោះលែងជនរងគ្រោះឈ្មោះ Phom Quang Dung អាយុ៥៧ឆ្នាំ។
ភា្លមៗបន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជា​មួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ទើបរហូតដល់ម៉ោងជា​ង​១​២​ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានឈានដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ នៅផ្ទះសំណាក់ហេងឡុង១ ភូមិ៤ ក្រុម២២ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
បើតាមលោកវរសេនីយ៍ឯក ជាវ វិបុល បន្ទាប់ពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺរបស់ជនរងគ្រោះ សមត្ថកិ​ច្ច​ជំនាញសន្និដ្ឋានបានថា នេះពិតជាករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងគំរាមទារប្រាក់ប្រាកដមែន។
បន្ទាប់ពីបញ្ចប់ការសួរនាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័​យ​​ទាំ​ង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕







0 Reviews:

Post a Comment