Monday, January 6, 2020

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» នៅស្រុកជុំគីរី

នៅព្រឹក ថ្ងៃចន្ទ ១២កេីត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០​ សាខា កាកបាទក្រហមកម្ពុជា​ ខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនៃអ្នក​ស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩​ ក្រោមប្រធានបទ​ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន»​ ដោយមានការអញ្ជើញចូលរួមពី​ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំ មន្ត្រី​សាខា​កក្រក ខេត្តកំពត អនុសាខា​កក្រក​ ស្រុកជុំគីរី  អ្នកស្ម័គ្រចិត្ត និងយុវជន​កក្រក សរុបប្រមាណ ១៩៧នាក់។​ 

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក​ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់​អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាន​បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ​ ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត​នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា​។

ជាមួយគ្នានេះ​ លោកជំទាវ​ បានគូសបញ្ជាក់ពី​ គុណតម្លៃនៃការងារស្ម័គ្រចិត្ត​ ហេីយដែល​ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្ដរជាតិកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ ដែលមានអ្នកស្ម័គ្រចិត្តជាង​ ១២លាននាក់​ ជាឆ្អឹងខ្នងរបស់ចលនា និងជាកម្លាំងប្រតិបត្តិករ​មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តកពត មានអ្នកស្ម័គ្រសរុបប្រមាណចំនួន១១៤០នាក់ ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត​បានទាន់ពេលវេលា​ និងគ្រប់ទីកន្លែង។

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងឱកាសនោះសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត បានផ្ដល់ជូននូវបណ្ណសរសើរ និងថវិកាម្នាក់ៗចំនួន ២០,០០០រៀល។







0 Reviews:

Post a Comment