Monday, January 27, 2020

សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនចោរលួចកាច់សោរម៉ូតូ៣នាក់ ក្រោយធ្វើសកម្មភាពលួចមិនបានសម្រេច....

(ពោធិ៍សាត់)៖ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញនគរបាលស្រុក និងកម្លាំងជំនាញនគរបាលខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យ៣នាក់បន្តបន្ទាប់គ្នា ក្រោយធ្វើសកម្មភាព លួចកាច់សោរម៉ូតូប្រជាពលរដ្ឋ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីម៉ោង១២៖៣០នាទីរសៀល រហូតដល់ម៉ោង០៤៖៣០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅផ្ទះជនសង្ស័យនីមួយៗ ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ១៖ ឈ្មោះ ផាត ផាក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ, ២៖ ឈ្មោះ 0ខាន់ ញាញ់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ និង៣៖ ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនពីបទ (ចោរកម្ម) ដោយលួចកាច់សោរម៉ូតូ ០១គ្រឿង ម៉ាកHonda c១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ នៅចំណុចភូមិតាកុយ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង០២៖០០នាទីរំលងអាធ្រាត ហើយត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ហើយក៏ដេញចាប់ ស្របពេលដែលកម្លាំងឈរតាមគោលដៅ ស្ទាក់ចាប់បានម្នាក់ និង២នាក់ទៀតចាប់បាន ក្រោយសមត្ថកិច្ចសួរនាំរួច។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕


0 Reviews:

Post a Comment