Tuesday, January 14, 2020

ជនសង្ស័យ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ក្លាយជាឃាតក ដោយភ្លើងប្រចណ្ឌ ស្រលាញ់ស្រីដូចគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ទីបំផុត ឃាតកម្មសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅខណ្ឌមានជ័យ សមត្ថកិច្ចចាប់ខ្លួនម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលជាឃាតក ដើមហេតុមកពីភ្លើងប្រចណ្ឌស្រីស្រឡាញ់ស្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
 សូមបញ្ជាក់ថា៖ មានករណីឃាតតកម្មសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅបុរីមួយកន្លែងឈ្មោះ បុរីវិឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅពេលនេះសមត្ថកិច្ចបានវែកមុខជនដៃដល់ឃើញហើយ និងបាននាំយកជនដៃដល់រូបនោះ ទៅធ្វើត្រាប់សកម្មភាពដែលខ្លួន បានធ្វើសម្លាប់ជងរងគ្រោះផងដែរ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បង្កអោយមានការភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានមហាជន និងពិភពអ្នកសិល្បៈ មិនគួរណាម្តាយតារាចំរៀង ពេជ្រ សូលីកា ក្លាយជាឃាតកមុខស្រស់បែបនេះសោះ។
  សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេកស្លាប់ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងក្រោម យ៉ាងអណោចអធម័។ ដោយឡែកជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ សមត្ថកិច្ចបានបន្តថា៖ ចំពោះសម្ភារៈដែលជនរងគ្រោះបាត់បង់រួមានចិញ្ចៀនពេជ្រចំនួន០២វង់ ដែល១វង់មានដាំពេជ្រធំល្មមចំនួន៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ។
   នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ពីដំណើររឿងនៃឃាតកម្មនេះថា ៖កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទីយប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យ ឈ្មោះ ស៊ិន ស្រីនាង (ពួកគេទាំង២នាក់ មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា )នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថា ជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។
លោកអធិការបានបន្តថា លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៖៤០នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារ មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់ អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យ ព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន ខណៈការផ្តល់ចម្លើយភរ ផ្ទុយពីអង្គហេតុ ក៏សារភាពតែម្តង។
លោកអធិការ ម៉េង វិមានតារា បានបញ្ជាក់ទៀតថា៖ ជាមួយគ្នានោះឈ្មោះ សុខ នី ដែលត្រូវជាបងស្រីបង្កើតជនរងគ្រោះ បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។
 អំពើឃាតកម្មនេះ កើតឡើងដោយប្រចណ្ឌផង និងជាអំពើលួចមានស្ថានទំងន់ ដែលត្រូវនគរបាលធ្វើកំណត់ហេតុស្តាប់ចម្លើយ សំយោគបទល្មើសបញ្ជូនទៅអយ្យការចាត់ការបន្ត៕





0 Reviews:

Post a Comment