Thursday, January 30, 2020

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំមិនបាត់បង់ឡើយ....

(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង ឆ្នាំ២០២០ របស់កងពលតូចថ្មើរជើងលេខ៥២ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
មេបញ្ជាការកងទ័ពរូបនេះ បានណែនាំឲ្យគ្រប់បណ្តាកងឯកភាពអង្គភាពយកចិត្តដាក់ និងអនុវត្តឱ្យបានច្បាស់លាស់ពន្យល់ណែនាំក្តាប់សតិអារមណ៍យោធិនឱ្យបានជាប់ជាប្រចាំ កុំឱ្យបាត់ម្ចាស់ការ ដោយសារការបំពាក់មនោគមន៍វិជ្ជា ការទាញអារម្មណ៍ និងការទាញទឹកចិត្ត ដោយត្រូវពង្រឹងការអប់រំសតិអារម្មណ៍ និងការពង្រឹងជំហរ ឱ្យបានជាប់ជាប្រចាំ ហើយកុំឱ្យបញ្ហាតូចតាច គ្របដណ្តប់លើបញ្ហារួម គឺការថែរក្សាសន្តិភាព និងការបំពេញភារកិច្ចការពារជាតិមាតុភូមិរបស់យើង។
ចំពោះការលើកទឹកចិត្តផ្សេងៗ រដ្ឋាភិបាលតែងបានខិតខំយកចិត្តទុកដាក់ជាប់ជានិច្ច។ សព្វថ្ងៃ មានព័ត៌មានច្រើនតាមបណ្តាញទំនាក់ទំនងសង្គម ដែលខ្លះពិត ខ្លះមិនពិត ដែលអាចបង្កើតឱ្យមានការភ័ន្តច្រឡំ ឬឈានទៅជ្រួលច្របល់។ ទាំងនេះ ក៏ដោយសារអ្នកនយោបាយមួយចំនួនឆ្លៀតគ្រប់បែបយ៉ាង ខិតខំបំពុលបរិយកាសដើម្បីកេងចំណេញផ្នែកនយោបាយ តាមរយៈការបំផុសទឹកចិត្តឱ្យមានសង្គ្រាមចិត្តសាស្ត្រ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានបញ្ហាសតិអារម្មណ៍ឈប់ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងលើសន្តិភាព ដោយផ្តោតតែទៅលើបញ្ហាអវិជ្ជមានមួយចំនួនតូច។
លោកបានរម្លឹកថា នយោបាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាមប្រដាប់អាវុធ សង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ដែលអូសបន្លាយរាប់ទសវត្សរ៍ ក្នុងនោះខ្មែរទាំងអស់គ្រប់ភាគីសុទ្ធសឹងជាជនរងគ្រោះ។ បច្ចុប្បន្ននេះ សង្គ្រាមបានបញ្ចប់ហើយ ប៉ុន្តែ បើយើងមិនយកចិត្តទុកដាក់ទប់ស្កាត់សង្រ្គាមចិត្តសាស្ត្រ នោះវានឹងអាចជាគ្រោះថ្នាក់រាលដាលដល់សង្គ្រាមប្រដាប់អាវុធសារថ្មីទៀត។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «សន្តិភាព កើតឡើងពីការធ្វើពលិកម្មអាយុជីវិតច្រើនណាស់។ នៅពេលមានសន្តិភាព តម្លៃនៃសន្តិភាពអាចនឹងត្រូវបានបំភ្លេច ឬមើលរំលងធ្វើឱ្យឆាប់ស្តាប់គេ, ឆាប់ជឿគេ, និងឆាប់ជ្រុលជ្រួស។ ដូច្នេះនៅពេលកំពុងរស់នៅក្នុងសុខសុភមង្គលនេះ យើងត្រូវអរគុណសន្តិភាព, ត្រូវស្គាល់តម្លៃនៃសន្តិភាព និងថែរក្សាកុំឱ្យបាត់ទៅវិញ ដោយសារបញ្ហាតូចតាច ដែលយើងអាចដោះស្រាយបាន។ យើងអាចបាត់បង់អ្វីបាន ប៉ុន្តែយើងមិនអាចបាត់បង់ការទុកចិត្តគ្នា, ការស្រឡាញ់គ្នា និងការប្តេជ្ញាចិត្តការពារសន្តិភាព។ សន្តិភាពនៅកម្ពុជា នឹងនៅបន្តភាព រឹងមាំមិនបាត់បង់ឡើយ។ សូមអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតែងមានជំហរច្បាស់លាស់ និងស្មារតីម៉ឺងម៉ាត់ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីថែរក្សាភាពសម្បូរសប្បាយ និងភាពត្រជាក់ត្រជុំរបស់ជាតិ»
មេបញ្ជាការកងទ័ពជើងគោក ក៏សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយជានិច្ចជាកាលលោកទាំងពីរ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង រួមទាំងការ កសាងជំរុំជម្រកស្នាក់នៅ, ការលើកស្ទួយជីវភាពសុខុមាលភាព ជាពិសេសការផ្តល់នូវការឧបត្ថម្ភស្បៀងអាហារ និងបរិក្ខារបន្ថែមដល់កម្លាំងជួរមុខ រហូតបងប្អូនយោធិនប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចផ្ទាល់ ក៏ជាយោធិនមួយរូបដែលធ្លាប់ឆ្លងកាត់ការលំបាកសព្វបែបយ៉ាងផងដែរ៕














0 Reviews:

Post a Comment