Friday, January 17, 2020

លោក សាយ សំអាល់ និងអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង.....

(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសី​ហ​នុ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុ​ង​កោះរ៉ុង។
ការចុះត្រួតពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុងនេះ បានធ្វើឡើងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ហើយនៅក្នុ​ង​ឱកាសនោះដែរ រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ បានដឹកនាំវេទិកាសាធារណៈ ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្រ្តីរា​ជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានប្រមាណជិត ៣០០នាក់។
វេទិការនេះ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន និងការសំណូមពរដោយលោកអភិបាលក្រុង ចៅសង្កាត់ និងប្រជាពល​រដ្ឋដែលរួមមាន៖
ទី១៖ សុំការដោះស្រាយពីបញ្ហាដីធ្លីរបស់ប្រជាជនដែលពួកគាត់បានរស់នៅអាស្រ័យផលជាក់ស្ដែង
ទី២៖ ស្នើសុំបង្កើតគណៈកម្មាធិការក្នុងការកំណត់ព្រំដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដើម្បីរដ្ឋបាលសង្កា​ត់​​ងាយស្រួល នៅក្នុងការទប់ស្កាត់ការទន្ទ្រានបន្ថែមទៀត
ទី៣៖ ស្នើសុំជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមភូមិ និងឆ្នេរនីមួយនីមួយៗ ដែលមានអាជីវកម្មស្រាប់ ដើម្បីបញ្ជៀ​ស​កាកសំណល់រាវហូរចូលសមុទ្របង្កឱ្យខូចបរិស្ថានទៅថ្ងៃអនាគត
៤៖ ស្នើសុំឡដុតសំរាមបន្ថែម សម្រាប់ដាក់គ្រប់ភូមិ និងរថយន្តដឹកសំរាម ១គ្រឿងដើម្បីងាយ ស្រួលក្នុងការប្រមូលសំរាមពីផ្ទះ​ប្រជាពលរដ្ឋនិងតាមអាជីវកម្មមួយចំនួនដែលពុំមានលទ្ធភាពនៅដាក់ឡដុតសំរាមដោយខ្លួនឯង
ទី៥៖ ស្នើសុំដីបូជាសពមួយកន្លែងដែលមានស្រាប់ប៉ុន្តែដីនេះសព្វថ្ងៃ មានប្រជាពលរដ្ឋកាន់កាប់ដែលមានទំហំជិត ១ហិចតា។
ជាការឆ្លើយតបនឹងសំណូមពរខាងលើលោករដ្ឋមន្រ្តីបរិស្ថាន បានលើកឡើងនៅចំណុចសំខាន់ដូចជា៖
ទី១៖ ទទួលយកនូវករណីទំនាក់ដីធ្លី បញ្ហាកម្មសិទ្ឋិដីធ្លី ដើម្បីដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ
ទី២៖ បានដោះស្រាយសំណូមពរ និងយន្តការគ្រប់គ្រងបញ្ហាសំរាម ការផ្តល់មធ្យោបាយដឹកជញ្ជូន និងឡដុតសំរាមបន្ថែម នៅលើក្រុងកោះរ៉ុង
ទី៣៖ បំផុសចលនាចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ
ទី៤៖ ជំរុញដល់ការរៀបចំផែនការមេអភិវឌ្ឍន៍ក្រុង ជាមួយស្ថាប័នពាក់ព័ន្ធ
និងទី៥៖ ការពង្រឹងភូមិឃុំសុវត្ថិភាព នៅក្នុងមូលដ្ឋាន ជាពិសេសសម្រាប់ភ្ញៀវទេសចរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាកេរ្តិ៍ឈ្មោះ ដ៏ល្បីរបស់ក្រុងកោះរ៉ុង ដែ​ល​ត្រូវបានទទួលស្គាល់ដោយភ្ញៀវជាតិ និងអន្តរជាតិថាជាទឹកដី ដែលមានធនធានធម្មជាតិយ៉ាងសំបូរបែប ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងទឹកសមុទ្រពណ៌ខៀវស្រងាត់ ដែលទាំងនេះ បានផ្តល់ប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅ ក្រុងកោះ​រ៉ុ​ង​នេះ៕
















0 Reviews:

Post a Comment