Thursday, January 30, 2020

អភិបាលខេត្តកំពត ចុះណែនាំមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ពង្រឹងវិធានការណ៍បង្ការ និងទប់ស្កាត់ការឆ្លង វីរុស «កូរ៉ូណា» និងចែកម៉ាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ....

(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរ អង្គភាពមួយចំនួន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធច្រកទ្វារព្រំដែន បានចុះស្វែងយល់ស្ថានភាព និងណែនាំមន្ត្រី ដើម្បីពង្រឹងវិធានការណ៍ បង្ការ និងទប់ស្កាត់ ការឆ្លងវីរុស «កូរ៉ូណា» និងចែកម៉ាសមុខការពារ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
នៅក្នុងឱកាសនោះលោក ជាវ តាយ បានលើកបញ្ជាក់ថា បើទោះបីនៅបណ្ដាប្រទេសមួយ ចំនួនក៏ដូចជា ពិភពលោកមានការព្រួយបារម្ភ ចំពោះបញ្ហាមេរោគ វីរុស «កូរ៉ណា» នោះក្ដី ប៉ុន្តែសម្រាប់នៅកម្ពុជាវិញ តាមការកត់សម្គាល់ ដោយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាល បញ្ហាមេរោគវីរុសកូរ៉ណានេះ នៅមិនទាន់មានអ្វីធ្ងន់ធ្ងរគួរឲ្យបារម្មណ៍ឡើយ។
តែទោះបីយ៉ាងនេះក្ដី រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយដោយគ្មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះបញ្ហានេះដែរ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីគ្រប់ជំនាញដែលឈរជើងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកទាំងអស់ ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ខ្ពស់ ពង្រឹងនូវវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនូវ វីរុសកូរ៉ូណានេះ ពិសេសការអនុវត្តនូវអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានណែនាំ ពោលតាមរយៈការស្គេនរកដោយម៉ាស៉ីនកំដៅ ការចែកម៉ាស់ការពារ មេរោគចំពោះអ្នកដំណើរឆ្លងកាត់ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាច្រកទ្វារទ្វេភាគីនានាតាមព្រំដែនឲ្យបានជាប់ជាប្រចាំ។
លោកអភិបាលខេត្ត ក៏បានបន្តទៀតថា ការពង្រឹងវិធានការណ៍បង្ការ និងទប់ស្កាត់ការឆ្លងវីរស «កូរ៉ូណា» និងចែកម៉ាសការពារនោះ គឺអនុវត្តនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការណែនាំដល់មន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋឲ្យរួមគ្នាប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ នៃការឆ្លងមេរោគវីរុស កូរ៉ូណាក្នុងប្រទេសកម្ពុជាយើង៕








0 Reviews:

Post a Comment