Friday, January 31, 2020

បង្ក្រាបករណីលួចរថយន្ដនៅខណ្ឌជ្រោយចង្វារ ចាប់ខ្លួនជនសង្ស័យម្នាក់, ជនសង្ស័យធ្លាប់ធ្វើសកម្មភាពចំនួន ៥ដង ទាំងលួចរថយន្ដ និងសម្ភារផ្សេងៗ....

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលខណ្ឌជ្រោយចង្វារ, ខណ្ឌចំការមន និងខណ្ឌសែនសុខ បានបើកប្រតិបត្ដិការរួមគ្នាបង្ក្រាបករណីចោរលួចរថយន្ដ នៅខណ្ឌជ្រោយចង្វារ ដោយចាប់ខ្លួនបានជនសង្ស័យម្នាក់។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយចាប់ខ្លួនបានជនសង្ស័យនៅចំណុចផ្ទះសំណាក់ មុន្នីពេជ្រ បន្ទប់លេខ១០១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចរថយន្ដមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8965 នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ196H ផ្លូវ6A ក្រុមទី១៨ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ ផាន ឌីណា ហៅទី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូរបាលី២ (ជិតកោះពេជ្រ) បន្ទប់លេខA6 ជាន់ទី១៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ភារដកហូតបានរួមមាន រថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8965, លុយ៥,០០០ដុល្លារ, លុយខ្មែរ១៨០,០០០រៀល, គ្រឿងអលង្ការ (ជញ្ជៀនមួយវង្ស, ខ្សែកមួយខ្សែ, ក្រវិលមួយគូ) និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួន។
ជនសង្ស័យបានឆ្លើយសារភាពថា រយៈកាលកន្លងម កខ្លួនធ្លាប់បានសកម្មភាពលួចមានស្ថានទម្ងន់ទោស ចំនួន៥លើក៖
*លើកទី១៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ចូលលួចនៅផ្ទះពេទ្យ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (មិនបានសម្រេច)
*លើកទី២៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ចូលលួចផ្ទះបើកលក់សាំង និង Wing (រើកកាយក្នុងបន្ទប់តែពុំមានសម្ភារលុយកាក់ទេ)
*លើកទី៣៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅទីរួមខេត្តស្វាយរៀង ផ្ទះបើកលក់សាំង លួចបានគ្រឿងអលង្ការ, ទូរស័ព្ទដៃ, ប្រាក់រៀល, ប្រាក់ដុល្លារមួយចំនួន
*លើកទី៤៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានចូលកាត់ទ្វាររបងស័ង្កសី លូនចូលលួចយករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-8965
*លើកទី៥៖ ក្នុងខែមករា ឆ្នាំ២០២០ ចូលលួចនៅចំណុចព្រែកលៀប ផ្លូវ6A ផ្ទះបើក Wing មានការ៉ាស់សាំង PTT (មិនបានសម្រេច ដោយសារម្ចាស់ផ្ទះភ្ញាក់ទាន់រត់គេចខ្លួន)។
សូមជម្រាបថា សម្ភារដែលបានដកហូតពីជនសង្ស័យ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅតុលាការ៕




0 Reviews:

Post a Comment