Sunday, January 26, 2020

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺនេះមិនទាន់មកដល់កម្ពុជានៅឡើយទេ....

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី»
សម្តេចបានបន្តថា អាការៈរោគនេះ គឺមានដូចជា ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
សម្តេចបានបញ្ជាក់ថា៖ «មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា»
សម្តេចអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។ ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល។
សូមបញ្ជាក់ថា យោងតាមសារព័ត៌មានរបស់ចិន និងបណ្តាញព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន។
ប្រទេសសិង្ហបុរី ករណីឆ្លងបានកើនឡើងដល់ ៤ករណី ថៃ ៧ករណី វៀតណាម ២ករណី ខណៈកម្ពុជាមិនទាន់មានករណីឆ្លងជំងឺដ៏កាចសាហាវនេះទេ៕






0 Reviews:

Post a Comment