Sunday, February 2, 2020

គណបក្សប្រជាជនកម្ពុជា បន្តបើកសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២....

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានបន្តសន្និបាត លើកទី៤២ របស់ខ្លួនសម្រាប់ថ្ងៃចុងក្រោយ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតនេះបានធ្វើឡើង ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យដឹងថា របៀបវារៈនៃសន្និបាតនេះ គឺបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តក្នុងឆ្នាំ២០២០នេះ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្រ្តដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះផងដែរ។
នៅក្នុងពិធីបើកសន្និបាត កាលពីម្សិលមិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយហេតុការណ៍នានា ដែលកើតចេញពីឧបាយកលអាក្រក់ផ្សេងៗ ក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិកម្ពុជា។
សម្តេចក៏បានបញ្ជាក់ដែរថា «យោងតាមស្ថានការណ៍ពិភពលោក និងតំបន់ដែលបន្តប្រែប្រួល ផ្លាស់ប្តូរឆាប់រហ័ស និងស្លុគស្មាញ និងផ្នែកតាមការប៉ាន់ស្មាន នៃសភាពការណ៍កម្ពុជានាពេលខាងមុខ គណបក្សយើងបានត្រៀមរួចស្រេចហើយនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនានា ដើម្បីធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលមួយជំហានថែមទៀតនៅក្នុងឆ្នាំ២០២០នេះ។ លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការដោះស្រាយនូវរាល់បញ្ហាចៃដន្យ ដែលអាចកើតមានពីការអនុវត្តភារកិច្ចរបស់យើង និងត្រូវត្រៀមសម្រាបការដោះស្រាយវហេតុការណ៍នានាដែល កើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិយើង»
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរយៈពេល ៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់៕








0 Reviews:

Post a Comment