Saturday, November 14, 2020

តុលាការសម្រេចប្រគល់លោកស្រី ទ្រី សុផានិត ឲ្យក្រុមគ្រួសារមើលថែរក្សាវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ

 

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធា ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តុលាការបានសម្រេច ប្រគល់លោកស្រី ទ្រី សុផានិត បងស្រីបង្កើតលោកស្រី ទ្រី ដាណា អោយក្រុមគ្រួសារមើលថែរក្សាវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ ។


គួររំលឹកថា មានមតិមួយចំនួនលើកឡើងថា លោកស្រី ទ្រី ដាណា ថៅកែលក់ពេជ្រដ៏ស្តុកស្តម្ភ និងតែងតែធ្វើសកម្មភាពមនុស្សធម៌ ហេតុអ្វីបែរជាមកប្តឹងបងស្រីបង្កើត គឺលោកស្រី ទ្រី សុផានិត គ្រាន់តែរឿងបរិហារកេរ្តិ៍បែបនេះ ? ។


ក្រឡេកមកមើលខ្លឹមសារសំខាន់ នៃដីកាបង្គាប់អោយនាំខ្លួនលោកស្រី ទ្រី សុផានិត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០វិញ របស់លោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទើបដឹងមូលហេតុច្បាស់លាស់ ដែលនាំអោយតុលាការចេញដីកាបង្គាប់អោយនាំខ្លួន នេះ ។


សំអាងហេតុនៃការចេញដីកាបង្គាប់អោយនាំខ្លួននេះគឺ ៖ ១-តាមសេចក្តីស្នើសុំលើកពេលចូលឆ្លើយបំភ្លឺ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកស្រីមេធាវី សួង ថាវី អះអាងតាមពាក្យកូនក្តី ទ្រី សុផានិត មិនអាចចូលខ្លួនមកបំភ្លឺបាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបញ្ហាសុខភាព «ផ្តាសាយធំ» នោះ ប៉ុន្តែតាមភស្តុតាងដែលទទួលបាន បង្ហាញអោយឃើញថា នៅថ្ងៃទី១១, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះ ទ្រី សុផានិត បានបង្ហោះការថតផ្សាយផ្ទាល់លើការលក់ផលិតផលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញអោយឃើញថា សាម៉ីខ្លួនមិនបានឈឺ ឬមានបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាព «ផ្តាសាយធំ» ដូចការអះអាងនោះទេ ។ ចេតនាភូតកុហកនេះ ស្តែងចេញនូវអត្តចរិតរឹងរូស ប្រឆាំងការបង្គាប់អោយចូលខ្លួនរបស់តុលាការ គប្បីចាត់វិធានការនាំខ្លួនឈ្មោះ ទ្រី សុផានិត មកសាកសួរតាមនីតិវិធី ។


ជាមួយគ្នានេះលោកស្រី ទ្រី សុផានិត មិនមែនជាប់ចោទតែបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈមួយទេ ពោលគឺ តុលាការបានចោទប្រកាន់លោកស្រី ទ្រី សុផានិត ចំនួន ៣បទល្មើស គឺ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។


ទន្ទឹមនោះ មជ្ឈដ្ឋានជាច្រើនសង្កេតឃើញថា ពេលដែលសមត្ថកិច្ចទៅនាំខ្លួនលោកស្រី ទ្រី សុផានិត គឺលោកស្រី បាន Live លើបណ្តាញសង្គមហ្វេសប៊ុកជាធម្មតា តែពេលនាំមកដល់តុលាការ បែរជាដួលសន្លប់ទៅវិញ ។ ពេលនេះតុលាការកំពុងបន្តនីតិវិធី និងរង់ចាំលទ្ធផលពីខាងមន្ទីរពេទ្យថា តើលោកស្រី ទ្រី សុផានិត ឈឺអ្វីអោយពិតប្រាកដ ៕
















0 Reviews:

Post a Comment