Friday, November 27, 2020

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ច្រានចោលព័ត៌មានប្រឌិត ដែលបង្ហោះនៅលើបណ្ដាញសង្គមប៉ះពាល់ដល់កិត្តិយសរបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល....


(កំពង់ចាម)៖
 ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មាន ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដែលប៉ះពាល់ដល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាព នៃមាតិកាព័ត៌មាននេះ នៅលើគណនី Facebook ឈ្មោះ «Sey Haa» និងចាត់ទុកថា ម្ចាស់គណនីខាងលើ មានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានឲ្យដឹងទៀតថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កំពុងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនី Facebook ខាងលើ មកចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនបណ្ដាញសង្គម សូមកុំមានការភាន់ច្រឡំចំពោះករណីនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជនទាំងឡាយដែលតែងតែសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន រួមចំណែកលើកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម៕

0 Reviews:

Post a Comment